បណ្ឌិត ងិន បាណាល់ ប្រាប់ពីលក្ខណៈពិសេសនៃសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់»

ជុំវិញ​ឧកញ៉ា

លោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ កូនប្រសារ​របស់​អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ សូគីម៉ិច អ៊ិនវេសមេន គ្រុប ​​បាន​​​​ថ្លែង​ឱ្យ​ដឹង​​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន នៃ​សៀវភៅ «អាថ៌កំបាំង​ពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» ដែល​​បាន​​ធ្វើ​ពិធី​សម្ពោធ នៅ​លើ​ភ្នំ​បូកគោ នា​រសៀល​​ថ្ងៃ​អង្គារ ទី​៣ ខែ​មករា ឆ្នាំ២០២៣ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បណ្ឌិត ងិន បាណាល់ (ស្តាំ) និងភរិយា លោកជំទាវ សុខ ចន្ធូ (កូនស្រីអ្នកឧកញ៉ា សុខ គង់)

លោកបណ្ឌិត ងិន បាណាល់ ​​​ក្នុង​នាម​ជា​អ្នកដឹកនាំ និង​សម្រប​សម្រួល​ការ​ចង​ក្រង​សៀវភៅ​​​ខាង​លើ​នេះ​ឡើង ​បាន​ឡើង​ថ្លែង​សុន្ទរកថា និង​របាយការណ៍​ ឱ្យ​ដឹង​ថា សៀវភៅ «អាថ៌កំបាំង​ពីក្រោយភាពជោគជ័យរបស់​អ្នក​ឧកញ៉ាបណ្ឌិត សុខ គង់» ​​​គឺ​លោក​ និង​ក្រុមការងារ​​ព្រម​ទាំង​អ្នក​និពន្ធ បាន​ខិត​ខំ​ស្រាវជ្រាវ អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ។ ការ​ចង​ក្រង​សៀវភៅ​នេះ បាន​ប្រើ​វិធីសាស្ត្រ​មួយ​ចំនួន​ដូចជា ជួបសម្ភាសផ្ទាល់​ជាមួយ​អ្នកឧកញ៉ា ដែលជាតួអង្គឯកនៅក្នុងសៀវភៅនេះ និងបានជួបសម្ភាសជាមួយអ្នកពាក់ព័ន្ធជាមួយអ្នកឧកញ៉ា ដូចជា សមាជិកក្រុមគ្រួសារ អ្នកធ្លាប់បំពេញការជាមួយអ្នកឧកញ៉ាជាដើម។

លោកបណ្ឌិត បាន​បន្ត​ថា អ្នកនិពន្ធបានប្រើវិធីសាស្រ្ត ពីរក្នុងការសរសេរសៀវភៅនេះ គឺវិធីសាស្រ្តទី១ សរសេរ​តាមបែបបុរសទី១ ដើម្បីរៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ពោលគឺ អ្នកអានសៀវភៅ​នេះនឹងយល់ថា​អ្នកឧកញ៉ាកំពុងរៀបរាប់រឿងរ៉ាវទាំងឡាយ នៃជីវិតរបស់លោកប្រាប់អ្នកអានដោយផ្ទាល់ ដែលអាចធ្វើឱ្យអ្នកអាន​ហាក់​ស្ថិតនៅក្នុងព្រឹត្តិការណ៍ជីវិត លេចឡើងនូវរូបារម្មណ៍ផ្សេងៗ ដូចជា ភាពជូរចត់ ការភិតភ័យ ក្ដីរីករាយ លាយឡំមនោសញ្ចេតនា ទៅតាមការពិពណ៌នារឿងរ៉ាវ។ ចំណែកវិធីសាស្រ្តទី២ គឺសរសេរតាមបែបបុរសទី៣ មានន័យថា អ្នកនិពន្ធដកស្រង់ប្រសាសន៍របស់អ្នកឧកញ៉ាមកជម្រាបជូនអ្នកអានឱ្យបានយល់ និងបានដឹងអំពី​ទ្រឹស្ដីជំនួញ ការគ្រប់គ្រងពាណិជ្ជកម្ម និងការដឹកនាំគ្រប់គ្រងបុគ្គលិកជាដើម។

ស្វាមី​របស់​លោក​ជំទាវ សុខ ចន្ធូ បាន​សង្កត់​ធ្ងន់​បន្ថែម​ថា អត្ថន័យទាំងស្រុង​នៅក្នុងសៀវភៅនេះគឺផ្អែកលើ​ការពិត សច្ចភាព និងតាមបែបផែននៃវិទ្យាសាស្រ្តសិក្សាស្រាវជ្រាវយ៉ាងពិតប្រាកដ។ ព្រឹត្តិការណ៍ កាលបរិច្ឆេទ រូបភាព និងទិន្នន័យផ្សេងៗ សុទ្ធតែត្រូវបានផ្ទៀងផ្ទាត់ដោយយកចិត្តទុកដាក់បំផុត។ គ្រប់ពាក្យពេចន៍ គ្រប់ឃ្លា​ប្រយោគសុទ្ធតែត្រូវបានសម្រិតសម្រាំង មុននឹងសម្រេចដាក់បញ្ចូលទៅក្នុងសៀវភៅនេះ។ សេចក្ដីរៀបរាប់នៅ​ក្នុងសៀភៅនេះ មិនមែនជាសាច់រឿងប្រលោមលោក ដែលកើតចេញពីអ្នកនិពន្ធទេ ប៉ុន្ដែវាជាព្រឹត្តិការណ៍ពិតមួយ ដែលមានតួអង្គឯក គឺអ្នកឧកញ៉ាបណ្ឌិត សុខ គង់ និងលោកជំទាវ គឹម ឡេង។

យ៉ាងណាមិញ​ លោកបណ្ឌិត ងិន បាណាល់ សង្ឃឹមថា សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ា​បណ្ឌិត សុខ គង់» នេះ នឹងបានជាប្រយោជន៍សម្រាប់អ្នកសិក្សាសា្រវជ្រាវ និងទុកជាកេរ្តិ៍ដំណែលដល់អ្នក​ជំនាន់​ក្រោយ ដែលមានចិត្តចង់ឈ្វេងយល់ និងដកពិសោធន៍ពីអ្នកឧកញ៉ា ដែលជារៀមច្បងចុះស្នាម មាន​បទពិសោធន៍​អនុវត្តជាក់ស្ដែងយូរឆ្នាំលើវិថីជំនួញប្រកបដោយជោគជ័យ៕​​​​