ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឱ្យដឹងថា ផលនេសាទត្រី នៅដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ គិតចាប់ពីថ្ងៃទី២៩ធ្នូ ដល់ថ្ងៃទី២ ខែមករា សម្រេចបានបរិមាណ ១៤៨១តោន។ ចំណែកប្រជាពលរដ្ឋ ដែលអញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្តនៅទីតាំងដាយត្រីទាំង២នេះ ប្រមាណ ៨០០០នាក់ផងដែរ។
ក្រសួងកសិកម្ម ប្រកាសថា បរិមាណ១៤៨១តោននេះ គឺកើនឡើងប្រមាណ ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដាយត្រី នារដូវនេសាទ ឆ្នាំ២០២១-២០២២ ដែលទទួលបាន ចំនួន ៨៩០តោន។
ក្នុងនោះ ប្រភេទត្រី ដែលនេសាទបានពីដាយត្រី ក្នុងរដូវនេសាទនេះ រួមមាន៖ ត្រីរៀល ៤៥% ស្លឹកឫស្សី ៣០% ខ្នងវែង ៥% ត្រីកញ្ជ្រូក ៣% ត្រីច្រកែង ២% ត្រីឈ្វាត ៥% និងត្រីចម្រុះ ១០%។ ចំណែកប្រជាពលរដ្ឋ ដែលអញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ ៨០០០នាក់ ក្នុងនោះ មានប្រជាពលរដ្ឋប្រមាណ ៩០% មកពីបណ្តាខេត្តផ្សេងៗ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា កំណើនត្រី ដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា បរិមាណត្រីទឹកសាប នៅក្នុងធម្មជាតិមានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផល និងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់ កាលពីរដូវត្រីពងក្នុងអំឡុងឆ្នាំ២០២២ កន្លងទៅ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសថា នឹងបន្តរកតុល្យភាពរវាងអភិរក្ស និងអភិវឌ្ឍ មិនត្រឹមតែនៅបឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែនៅទន្លេមេគង្គលើផងដែរ។ ទន្លេសាប ជាកន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើ ជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោតរស់នៅ។ ការរក្សាតំបន់ទាំងពីរនេះ កុំឱ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលត្រីពោរពេញផ្ទៃប្រទេស៕
អត្ថបទ៖ រង្សី