ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីសុក្រឹតភាព និងទទួលយកលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ដោយមិនមានការប្រែប្រួលនោះទេ និងប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ ។
ឆ្លើយតបចំពោះសំណូមពរនឹងការតវ៉ារបស់បេក្ខជនដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការ ប្រឡងក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើកិច្ចការរបស់បេក្ខជនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនមានការជឿទុកចិត្ត។
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រោមការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាល និងការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសមានកិច្ចសហការល្អរវាងក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ការអនុវត្តភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការ នានាគ្រប់ថ្នាក់។
ជាមួយគ្នានេះ ក្រសួង ក៏ផ្តល់ឱកាសចំពោះសិស្សប្រឡងធ្លាក់ ឱ្យប្រឡងឆ្នាំក្រោយទៀត និងលើកទឹកចិត្តឱ្យខិតខំរៀន សូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យនៅឆ្នាំខាងមុខ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៥ ធ្នូ ២០២២ បេក្ខជនចុះ ឈ្មោះប្រឡងសរុបចំនួនជាង១២ម៉ឺននាក់ ក្នុងនោះសិស្សប្រលងជាប់ជាង៩ម៉ឺននាក់៕