នាយករដ្ឋមន្ត្រីថ្មីឡាវឡើងកាន់អំណាច ចំពេលសេដ្ឋកិច្ចក្នុងស្រុកកំពុងយ៉ាប់យ៉ឺន

អន្តរជាតិ

មុនបិទទំព័រឆ្នាំ ២០២២ លោក Phankham Viphavanh ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ឡាវ បាន​ប្រកាស​លាលែង​ពីតំណែង ដោយសារ​បញ្ហា​សុខភាព​ទ្រុឌទ្រោម ហើយសភា​បាន​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​ថ្មី ដោយលោក Sonexay Siphandone ទទួល​បាន​សម្លេងគាំទ្រ​ស្ទើរទាំងស្រុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាចនិយាយបាន​ថា ការចូលកាន់អំណាច​របស់​នាយករដ្ឋមន្ត្រី​ថ្មី​នេះ មិនមែនចំពេល​ល្អ​ឡើយ ពោល​ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​ប្រទេស ២ ឆ្នាំ ពី​អតីត​នាយករដ្ឋមន្ត្រី Viphavanh ប្រទេសឡាវ​ជួប​បញ្ហា​ជាច្រើន​ដូចជា មិនមាន​វិធានការទប់ស្កាត់កូវីដ ១៩ បាន​ល្អ​កាលពីឆ្នាំ ២០២១ និង​ជួប​វិបត្តិ​សេដ្ឋកិច្ចជាច្រើន​កាលពី​ឆ្នាំទៅ។

យ៉ាងណា នាយករដ្ឋមន្ត្រី​ថ្មី Sonexay បាន​បង្ហើប​ថា លោក​នឹង​ព្យាយាម​ធ្វើកំណែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្នុង​ស្រុកឡើងវិញ ហើយ​ជំហាន​ដំបូង និង​សំខាន់​បំផុត​នោះ​គឺ ត្រូវ​បញ្ចុះបញ្ចូល​ចិន​ ឲ្យយល់ព្រម​ពន្យារពេល​សងបំណុល និង​កាត់បន្ថយ​ការប្រាក់​ដែល​ឡាវ​សឹងតែ​មិនមាន​លទ្ធភាព​ទូទាត់​បាន។

គួររំលឹកដែរថា ឡាវ​គឺជា​ប្រទេសនៅ​តំបន់​អាស៊ី​មួយ​ដែល​មាន​អត្រាអតិផរណា​ខ្ពស់​បំផុត តម្លៃរូបិយប័ណ្ណ​មាន​ការ​ធ្លាក់ចុះ​លឿន ខណៈ​បំណុល​ក្រៅ​ប្រទេស​ក៏​ត្រូវរំពឹង​ថា​អាច​មាន​ច្រើន ស្របពេល​ចិន​គឺជា​ម្ចាស់បំណុល​ធំ​បំផុត។

ក្រឡេក​មក​មើល​ប្រវត្តិត្រកូល Siphandone បន្តិច គឺសុទ្ធសឹងតែ​ជា​អ្នកនយោបាយ​ជាន់ខ្ពស់ ពោល​ឪពុក​របស់ Sonexay ធ្លាប់​ជា​អតីតនាយករដ្ឋមន្ត្រី និងជា​ប្រធានាធិបតី​នៃ​ប្រទេសឡាវ​ អំឡុង​ទសវត្ស​ឆ្នាំ ១៩៩០ ហើយ​បច្ចុប្បន្ន​បើទោះជា​លោក​មាន​វ័យ ៩៨​ ឆ្នាំ​ ក៏​លោកនៅ​តែ​មាន​ឥទ្ធិពល​លើ​ឆាក​នយោបាយ​ដែរ។

ដោយឡែក Sonexay វិញ មុន​ឡើង​តំណែងជា​នាយករដ្ឋមន្ត្រី លោក​ធ្លាប់​កាន់​តួនាទី​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​វិនិយោគ ហើយ​បច្ចុប្បន្ន​បុរសវ័យ ៥៦ ឆ្នាំ គឺជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​មួយរូប​ប្រចាំ​ប្រវត្តិសាស្ត្រឡាវ។

សូមជម្រាបដែរថា ការឡើង​កាន់អំណាច​របស់​លោក Sonexay ក៏​មាន​ផ្ទុះ​ភាព​ចម្រូងចម្រាស​បន្តិច​ផងដែរ​ ដ្បិត​គ្រួសារ​ត្រកូល Siphandone ធ្លាប់​ត្រូវ​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ករណីពុករលួយ តែយ៉ាងណា​ក៏​នៅ​មាន​មតិ​ជាច្រើន​រំពឹងថា លោក Sonexay អាច​នឹង​មិន​ដើរ​តាម​គន្លង​ចាស់ និង​អាចជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឲ្យ​មាន​សន្ទុះ​ឡើងវិញផងដែរ៕