នាព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣នេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ដែលជាគម្រោងដ៏ធំមួយរបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល។
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានគម្រោងសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់ខ្ពស់បំផុតលើពិភពលោកខាងលើនេះ មានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប រួមមានទាំង ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែលជាសមាជិករាជរដ្ឋាភិបាលនៅតាមក្រសួងស្ថាប័នមួយចំនួន អភិបាលខេត្ត អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ ព្រមទាំងបុគ្គលិករបស់ក្រុមហ៊ុន សុខា អូតែល ផងដែរ។
អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះមានកំពស់១០៨ម៉ែត្រ ទ្រង់ភ្នែន ដែលកំពស់នេះ គិតចាប់តាំងពីបល្ល័ង្កខាងក្រោម រហូតដល់ចុងកេសារបស់ព្រះពុទ្ធបដិមា ដែលនឹងចំណាយរយៈពេលសាងសង់ចំនួន ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក។
គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ គឺដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏នឹងជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ជាពិសេសទៀតនោះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ មកកាន់តំបន់ភ្នំបូកគោ។
គួរបញ្ជាក់ថា គម្រោងសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្ថិតនៅក្រុងបូកគោ ខេត្តកំពត នេះ បានទទួលការឯកភាពគាំទ្រពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ និងបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងបានការឯកភាពជាគោលការណ៍ពីក្រសួងបរិស្ថាន កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ផងដែរ៕