ការព្យាយាមចុងក្រោយមួយផ្សេងទៀត ដើម្បីលក់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande នៅក្នុងទីក្រុងហុងកុង ត្រូវបានគេរាយការណ៍ថា បានបរាជ័យម្តងទៀតហើយ ខណ:នេះហាក់កាន់តែបានបន្ថែមសម្ពាធ ទៅកាន់ក្រុមហ៊ុនដែលកំពុងជំពាក់បំណុលគេវ័ណ្ឌកមួយនេះ ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញប្រាប់ឱ្យដឹងថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Evergrande បានបរាជ័យក្នុងការបញ្ចប់ការដាក់លក់ដេញថ្លៃមួយម្តងហើយម្តងទៀត ដោយសារតែតម្លៃផ្តល់ជូន និងលក្ខខណ្ឌទាំងនោះ មិនអាចបំពេញតាមតម្រូវការរបស់ក្រុមហ៊ុនបាន ។
គួររំលឹកថា ក្រុមហ៊ុន Evergrande ត្រូវបានរាយការណ៍ថា ចង់លក់អគារនេះ ចាប់តាំងពីខែកក្កដាមក ប៉ុន្តែទទួលបានសំណើដេញថ្លៃតិចតួចប៉ុណ្ណោះ ពោលនៅឆ្នាំ ២០២១ ក្រុមហ៊ុន Yuexiu Property ក៏ធ្លាប់បានផ្តល់ជូនសំណើដេញថ្លៃប្រមាណ ១,៧ ពាន់លានដុល្លារផងដែរ ប៉ុន្តែចុងក្រោយ ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលចិនមួយនេះ បានប្រកាសដកសំណើខ្លួនវិញ ។
ដោយមានទីតាំងនៅតំបន់ដែលមានពាណិជ្ជកម្មដ៏មមាញឹកមួយ ក្នុងទីក្រុងហុងកុង អគារការិយាល័យមានកម្ពស់ ២៧ ជាន់នេះ ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃចន្លោះពី ៨ ពាន់ដុល្លារហុងកុង (១,០២ ពាន់លានដុល្លារ) ទៅ ៩ ពាន់លានដុល្លារហុងកុង (១,១៥ ពាន់លានដុល្លារ) ។
ដោយឡែកបើតាមប្រភពខាងលើបានអះអាងទៀតថា ក្រុមហ៊ុន Evergrande អាចនឹងព្យាយាមដាក់លក់អគារការិយាល័យរបស់ខ្លួនជាថ្មីម្តងទៀត នៅពេលដែលស្ថានភាពទីផ្សារចាប់ផ្តើមមានស្ថេរភាពឡើងវិញ ជាពិសេសនៅពេលដែលក្រុមហ៊ុនរបស់ខ្លួន នៅតែបន្តជាប់ផុងខ្លួន ក្នុងវិបត្តិបំណុល ដែលមានចំនួនសរុបជាង ៣០០ ពាន់លានដុល្លារ ឯណោះ ៕