គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) ក្នុងទំហំទឹកប្រាក់សរុប ២០០លានដុល្លារ ដើម្បីជួយស្តារអាជីវកម្ម ខណៈគម្រោងនេះ បានផ្តើមចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ រហូតដល់គម្រោងនេះ ត្រូវបានប្រើប្រាស់អស់។
សេចក្តីប្រកាសព័ត៌មានរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពឲ្យសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បន្តដាក់ឱ្យដំណើរការ «គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ដើម្បីជួយស្តារអាជីវកម្ម តាមរយៈការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ទោះបីខ្វះទ្រព្យធានាក្តី។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ដើម្បីបន្តដាក់ឱ្យដំណើរការគម្រោង BRGS នេះ ដោយកែសម្រួលលក្ខខណ្ឌមួយចំនួន ឱ្យមានភាពប្រសើរឡើង ដូចជា សុពលភាពនៃគម្រោង, ការកំណត់និយមន័យនៃអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ, និងការកំណត់ទំហំជាអតិបរមាសម្រាប់កម្ចីនីមួយៗ។
គួរបញ្ជាក់ដែរថា គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានទំហំទឹកប្រាក់ ២០០លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូង ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ កម្ចីទំហំប្រមាណ ៨៩លានដុល្លារ ដែលភាគច្រើនជាកម្ចីដែលខ្វះទ្រព្យធានា ត្រូវបានធានាដោយ CGCC ក្រោមគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម។
យ៉ាងណាមិញ ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោង BRGS នឹងបន្តដើរតួជាទ្រព្យធានាចាប់ពី ៧០%ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យធានាពីអាជីវកម្មដែលស្នើកម្ចី។ សាជីវកម្មធានាឥណទានកម្ពុជា ស្វាគមន៍នូវកិច្ចសហការជិតស្និតជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោង BRGS៕