នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ទស្សនទានក្នុងវិស័យកសិកម្មកម្ពុជា” ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០៥ ខែមករា ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកនេសាទសរុបប្រមាណ១,៥លាននាក់។
នាឱកាសនោះ លោកបន្តថា ប្រជាជាជនកម្ពុជា ចាប់ផ្តើមពីការនេសាទដោយពឹងផ្អែកលើធនធានជលផលធម្មជាតិសុទ្ធសាធ មកធ្វើវារីវប្បកម្មជាបណ្ដើរៗ ដើម្បីស្វែងរកប្រាក់ចំណេញ មិនមែនសម្រាប់តែការទទួលទានក្នុងគ្រួសារ ឬសន្តិសុខស្បៀងដូចមុននោះទេ។
ជាងនេះ លោកថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការលុបឡូតិ៍នេសាទ កាលពីឆ្នាំ២០១២ បានប្រែក្លាយការនេសាទ ពីលក្ខណៈគ្រួសារនៅតាមព្រែកស្ទឹងបឹងបួ មកជាសហគមន៍នេសាទវិញម្តង។ ដូចគ្នាដែរ ការនេសាទលក្ខណៈ សហគមន៍នេះ មិនត្រឹមតែបម្រើឱ្យសន្តិសុខស្បៀងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ និងបមើឱ្យផលប្រយោជន៍ប្រជាជនទាំងមូលផងដែរ។
ជាមួយគ្នានេះ ការទប់ស្កាត់ការនេសាទខុសច្បាប់ និងការការពារ និងអភិរក្សជម្រកត្រីពង ក៏ត្រូវបាន ពង្រឹងយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ ដើម្បីរក្សាស្ថិរភាព និងនិរន្តរភាពត្រីធម្មជាតិ ហើយការជំរុញវារីវប្បកម្ម ដើម្បី កាត់បន្ថយសម្ពាធទៅលើធនធានជលផល ក៏ត្រូវបានជំរុញយ៉ាងខ្លាំងក្លាដែរ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន កម្ពុជាមានអ្នកនេសាទសរុបប្រមាណ១,៥លាននាក់ ក្នុងនោះ ១៣៩៥ ០០០នាក់ ជាអ្នក នេសាទទឹកសាប និង១០៥ ០០០នាក់ ជាអ្នកនេសាទសមុទ្រ៕