អតីតមេធំ NATO ទទូចឱ្យបណ្តាប្រទេសប្រជាធិបតេយ្យនានារួមគ្នាទប់ទល់ចិន បើហ៊ានវាយតៃវ៉ាន់

អន្តរជាតិ

អំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ អតីតអគ្គលេខាធិការអង្គការណាតូលោក Anders Fogh Rasmussen បាននិយាយថា បណ្តាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ គួរតែធ្វើការរួបរួមគ្នា ដើម្បីបង្ហាញពីផលវិបាកផ្នែកសេដ្ឋកិច្ចទៅកាន់ចិន ប្រសិនបើប្រទេសមហាអំណាចធំបំផុតទី ២ លើពិភពលោកមួយនេះ នៅតែបន្តធ្វើចលនាប្រឆាំងទៅនឹងកោះតៃវ៉ាន់នោះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតណាស់ រដ្ឋាភិបាលចិន នៅតែបន្តប្រកាន់ជំហរយ៉ាងមុតមាំថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំង ពីសំណាក់ដែនកោះដែលកាន់លទ្ធិប្រជាធិតេយ្យនេះក៏ដោយ។ ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងខ្លាំង កាលពីឆ្នាំមុន បន្ទាប់ពីការមកបំពេញទស្សនកិច្ចរបស់ប្រធានសភាអាមរិក លោកស្រី Nancy Pelosi នៅខែសីហា ។

ជុំវិញបញ្ហានេះ លោក Rasmussen បានលើកឡើងពីភាពស្រដៀងគ្នារវាងការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន និងការឈ្លានពានរបស់យោធាចិន ឆ្ពោះទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថា ប្រទេសប្រជាធិបតេយ្យនានា ត្រូវតែមានការរួបរួមគ្នា ដើម្បីធានាបាននូវជ័យជម្នះសម្រាប់ប្រទេសអ៊ុយក្រែន ក៏ដូចជាទប់ស្កាត់ការវាយប្រហារពីសំណាក់ប្រទេសចិន ទៅលើកោះតៃវ៉ាន់ផងដែរ ។

លើសពីនេះ អតីតប្រមុខអង្គការណាតូរូបនេះ បាននិយាយទៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិថា ៖ ” ចំពោះការប៉ុនប៉ងណាមួយ ដោយប្រទេសចិន ក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅលើកោះតៃវ៉ាន់ ដោយកម្លាំងយោធា គួរតែទទួលបានការឆ្លើយតបភ្លាមៗ ហើយយើងត្រូវតែបញ្ជាក់ឱ្យបានច្បាស់ចំពោះបញ្ហាដែលអាចកើនឡើង ទៅកាន់ប្រទេសចិនក្នុងពេលឥឡូវនេះ ” ។

លើសពីនេះ លោក Rasmussen បានបន្ថែមទៀតថា ៖ ” បច្ចុប្បន្នចិនកំពុងពឹងផ្អែកខ្លាំងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់សកលជាងរុស្ស៊ី។ ដូច្នេះការចូលរួមពីសំណាក់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនានា ដើម្បីដាក់ចេញនូវផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ ជុំវិញការវាយប្រហារណាមួយរបស់ចិន នៅពេលនេះ នឹងក្លាយជាការរារាំងដ៏ខ្លាំងក្លា ដើម្បីឱ្យប្រទេសនេះបញ្ឈប់សកម្មភាពរបស់ពួកគេ ” ៕