សម្ដេច តេជោ កោតសរសើរ ស្រី​ស្អាត ស៊ិន យូប៊ិន ដែល​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​៤០០០​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ-១៩

កម្សាន្ត

សម្ដេច​តេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ​ចំពោះ​តារា​សម្ដែង​វ័យ​ក្មេង ស៊ិន យូប៊ិន បន្ទាប់​ពី​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ បាន​ចូល​រួម​ឧបត្ថម្ភ​ប្រាក់​ចំនួន​៤០០០​ដុល្លារ ជា​មួយ​រដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ-១៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​សម្ដេច​តេជោ កាល​ពី​ថ្ងៃទី២៦ ខែ​មីនា សម្ដេច បាន​លើក​ឡើង​ថា ប្រជា​ជន​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រីក​រាលដាល​កូវីដ-១៩។ ដូច្នេះ​ហើយ សម្ដេច សូម​អគុណនូវសកម្មភាពមនុស្សធម៌នេះ ព្រោះវាផ្នែកមួយជួយសង្គ្រោះជីវិត និងសុខភាពប្រជាជនកម្ពុជាដែលមានហានិភ័យ។ ក្នុង​លិខិត​នោះ​ដែរ សម្ដេច​តេជោ បាន​ជូនពរ​ដល់ កញ្ញា ស៊ីន យូប៊ីន និង ក្រុម​គ្រួសារ ជួប​ប្រទះ​ទាំង​ពុទ្ធពរ ទាំង​ប្រការ គឺ​​អាយុៈ វណ្ណៈ សុខៈ ពោល កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ជា​មួយ​នឹង​ការ​ចូល​រួម​ឧបត្ថម្ភ​ប្រាក់​ចំនួន​៤០០០​ដុល្លារ ជា​មួយ​រដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ-១៩ កញ្ញា ស៊ីន យូប៊ីន បាន​លើក​ឡើង​លើ​ផេក​​ផ្ទាល់​ខ្លួន​នាង​ថា (​ក្នុងនាមជាប្រជាពលរដ្ឋ​កម្ពុជា​មួយរូប នាងខ្ញុំសូមចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងគណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងជំងឺសួតប្រភេទថ្មី COVID-19 ដែលកំពុងប្រឹងប្រែង​ព្យាយាម​ទប់​ស្កាត់ ការពារ និងព្យាបាល​អ្នក​ជំងឺ។ នាងខ្ញុំសូម​លើកទឹកចិត្តប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា គណកម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង ​COVID-19 ក៏ដូចជាក្រុមគ្រូពេទ្យជួរមុខ បន្តខិត​ខំប្រឹងប្រែង​ក្នុងការប្រឆាំង​នឹង​ជំងឺ​នេះបន្ថែមទៀត។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិរក្សាដែនដីកម្ពុជា សូមឲ្យប្រជាជនកម្ពុជា​ទាំងអស់ជៀស​ផុតពីជំងឺកាច​សាហាវទាំងឡាយ ពួកយើងនៅទីនេះជាមួយអ្នកទាំងអស់គ្នា ហើយពួកយើងនឹងដើរទៅមុខ ឆ្លងកាត់ពេលវេលាមួយនេះទាំងអស់គ្នា) ។

លិខិត​ស្រដៀង​គ្នា​នេះ ​គេ​ឃើញ​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ជា​ហូរហែ​ដោយ​ជូន​ចំពោះ​សប្បុរសជន និង​អ្នក​សិល្បៈ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​រួម​ចំណែក​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល នៃ​មេរោគ​កូវីដ-១៩។ ក្នុង​គ្រា​​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​គ្រោះភ័យ​នេះ គេ​ក៏​សង្កេត​ឃើញ​សកម្មភាព​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ខ្នះខ្នែង និង​ឧបត្ថម្ភ​នូវ​សម្ភារៈ​ផ្សេងៗ​ដល់​អាជ្ញាធរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​ដែល​កំពុង​ឆ្លង​រាតត្បាត​ជា​សកល​នេះ៕