រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយល់ព្រមផ្តល់ជាគោលការណ៍ជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ចំនួន ៣,៨៦៣នាក់ សម្រាប់ឆ្នាំ២០២៣នេះ។ នេះបើតាមលិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ ០០៨/២៣ មស.ជម ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងចំណោមក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ជិត៤ពាន់នាក់នោះ គឺមានក្រសួងព្រះបរមរាជវាំង ៦នាក់, ទីស្តីការគណៈរដ្ឋមន្ត្រី ១៤នាក់, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៧នាក់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៦នាក់, ក្រសួងមហាផ្ទៃ ២៦០នាក់, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ៨នាក់, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៧៤នាក់, ក្រសួងព័ត៌មាន ២៤នាក់, ក្រសួងរ៉ែនិងថាមពល ១១នាក់, ក្រសួងផែនការ ២៧នាក់, ក្រសួងពាណិជ្ជកម្ម ៦៥នាក់, ក្រសួងអប់រំ យុវជន និងកីឡា ៣០០០នាក់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥២នាក់, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៦០នាក់, ក្រសួងបរិស្ថាន ៣១នាក់, ក្រសួងអភិវឌ្ឍន៍ជនបទ ៦នាក់។
បន្ថែមពីនោះមាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១៣នាក់, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ១៤នាក់, ក្រសួងធម្មការនិងសាសនា ៦នាក់, ក្រសួងកិច្ចការនារី ៧នាក់, ក្រសួងសាធារណការនិងដឹកជញ្ជូន ៦០នាក់, ក្រសួងយុត្តិធម៌ ៣នាក់, ក្រសួងទេសចរណ៍ ៩នាក់, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៦នាក់, ក្រសួងធនធានទឹកនិងឧត្តុនិយម ៤៤នាក់, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០នាក់, អង្គភាពប្រឆាំងអំពើពុករលួយ ៣នាក់, ក្រសួងមុខងារសាធារណៈ ៦នាក់, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ១១នាក់។
សូមជម្រាបជូនថា ក្រៅពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាល ក៏នឹងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ១៧,០២៤នាក់, មន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រ ជាប់កិច្ចសន្យាចំនួន២៥០នាក់, គ្រូបង្រៀនពុទ្ធិកសិក្សាជាប់កិច្ចសន្យាចំនួន ១,៤៦២អង្គ/នាក់, គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២អង្គ/នាក់, គ្រូបង្រៀនជាប់កិច្ចសន្យា ចំណេះដឹងទូទៅចំនួន ៩,៨៩៦នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់, គ្រូបង្រៀនពីរថ្នាក់ពីរពេល (២វេន) ចំនួន ១១,៦៧១នាក់, គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២,៥៩៨នាក់ និងគ្រូបង្រៀនថ្នាក់គួបបី ចំនួន ១២០នាក់ សម្រាប់ឆ្នាំ២០២៣ ផងដែរ៕