សម្តេច ហ៊ុន សែន៖ សូមគោរពច្បាប់ចរាចរណ៍ កុំគោរពប៉ូលិសចរាចរណ៍

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវប្រជាពលរដ្ឋលុបបំបាត់វប្បធម៌ខ្លាចនរគបាលចរាចរណ៍ ជាងការគោរពច្បាប់ចរាចរណ៍ ដោយបន្តបញ្ជាក់ថា នគរបាលចរាចរណ៍មិនផាកពិន័យឡើយ បើមិនខុសច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ កាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «គ្រោះថ្នាក់សព្វថ្ងៃនេះ គឺមានចំនួនច្រើនពេកហើយ ថ្ងៃណាក៏មានមនុស្សស្លាប់ដែរ ពីមុនគឺយើងស្លាប់ដោយសារសង្គ្រាម ដូច្នេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងរៀនច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់ សូមគោរពច្បាប់ចរាចរណ៍ កុំគោរពប៉ូលិសចរាចរណ៍ សូមខ្លាចច្បាប់ចរាចរណ៍ កុំខ្លាចប៉ូលិសចរាចរណ៍ អីឡូវនេះប្រជាពលរដ្ឋរបស់របស់យើងហាក់ដូចជាកំពុងតែខ្លាចប៉ូលិសចរាចរណ៍ជាជាងខ្លាចច្បាប់ទៅវិញ»។

ជុំវិញចំណុចនេះ សម្តេចតេជោបានលើកឡើងថា ការធ្វើដំណើរបច្ចប្បន្ន តាមទីតាំដែលគ្មានប៉ូលិសចរាចរណ៍ ប្រចាំការ គឺប្រជាពលរដ្ឋធ្វើដំណើរជិះយានយន្ត ទាំងបំពានច្បាប់ចរាចរណ៍។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្ថែមថា៖ «ប្រសិនបើយើងគោរពច្បាប់ យើងអត់មានត្រូវការខ្លាចប៉ូលិសចរាចរណ៍ទេ អ៊ឹចឹងចំណុចនេះសូមឱ្យក្លាយទៅជាវប្បធម៌នៅក្នុងចំណោមប្រជាជនយើង បើគ្មានរឿងត្រូវខ្លាចប៉ូលិសចរាចរណ៍ទេ ព្រោះប៉ូលិសចរាចរណ៍ គេមិនធ្វើអ្វីយើងនៅពេលដែលយើងមិនធ្វើខុសច្បាប់នោះទេ អ៊ឹចឹងទេបើសិនទាំងអស់គ្នានាំគ្នាគោរពច្បាប់ចរាចរណ៍ គឺមិនតម្រូវឱ្យយើងខ្លាចប៉ូលិសចរាចរណ៍នោះទេ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដោយបន្តព្យាយាមកែប្រែផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជា ឱ្យគោរពច្បាប់ចរាចរណ៍ ដោយកុំចាំតែគោរពកន្លែងដែលមាននគរបាលចរាចរណ៍យាម ទើបចាប់ផ្តើមគោរពច្បាប់ចរាចរណ៍។

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ខ្លាចប៉ូលិសជាជាងច្បាប់ ដោយតំបន់ដែលគ្មានប៉ូលិស ពួកគេតែងតែបើកបរដោយបំពាន ដូចជានិយាយទូរសព្ទនៅពេលបើកបរ ឬបើកបរលើសល្បឿនកំណត់ជាដើម។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដោយលើកមកបញ្ជាក់ថា គ្មានអ្នកណាទៅស្លាប់ ឬរបួសជំនួសអ្នកមិនគោរពច្បាប់ចរាចរណ៍នោះឡើយ ប៉ុន្តែ វាបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃឱ្យរបួស ឬស្លាប់ដោយសារតែការមិនគោរពច្បាប់ចរាចរណ៍របស់យើង៕