សហព័ន្ធម្រេចត្រៀមធ្វើជាដៃគូរយុទ្ធសាស្ត្រជាមួយស្ថាប័នជំនាញដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងសម្រាប់ទីផ្សារម្រេចកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាយកប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងសម្រាប់ម្រេចកម្ពុជាចាប់ពីឆ្នាំ២០២៣នេះតទៅសហព័ន្ធនឹងធ្វើជាដៃគូរជាមួយស្ថាប័នជំនាញដែលមានការពាក់ព័ន្ធគ្នាចាប់ពីកម្រិតក្រសួងរហូតដល់ប្រជាកសិករដែលជាអ្នកផលិតម្រេចនៅតាមតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ន វណ្ណាល់ នាយកប្រិតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា មានប្រសាសន៍ថា ជាយុទ្ធសាស្រ្តសហព័ន្ធម្រេច នឹងធ្វើការជាដៃគូរយុទ្ធសាស្រ្តជាមួយភាគីពាក់ពន័្ធជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធ និងអង្គការដៃគូរដូចជា HEKS/EPER , CIRD, HELVETAS ក្រុមហ៊ុននាំចេញ សហគ្រាសកែច្នៃម្រេច សមាគម សហគមន៍ម្រេច ជាពិសេសកៀរគរកសិករម្រេចកម្ពុជាធ្វើការជាប្រព័ន្ធដើម្បីបង្កើតកំលាំងក្នុងការផ្គត់ផ្គង់ ពង្រីក និងពង្រឹងគុណភាពម្រេច និងកៀរគរវិនិយោគទុនថ្មីចូលមកកម្ពុជា ដើម្បីបង្កើតបរិកាសប្រកួតប្រជែងសម្រាប់ទីផ្សារម្រេចកម្ពុជា។

លោក វិន វណ្ណាល់ នាយកប្រិតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា

បើតាមនាយកប្រតិបតិ្តសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា នៅឆ្នាំ២០២៣នេះសហព័ន្ធមានផែនការរៀបចំព្រឹត្តិការសំខាន់ៗដូចជា វេទិកាប្រមើលមើលម្រេច អន្តរជាតិកម្ពុជា ឆ្នាំ២០២៣, វេទិកាកសិករម្រេចកម្ពុជា ឆ្នាំ២០២៣, វេទិកាជជែកពិភាក្សាអំពីម្រេចកម្ពុជានិងពិធីបុណ្យម្រេចកម្ពុជាជាដើម។

លោក វ៉ន វណ្ណាល់ មានប្រសាសន៍ថា«បច្ចុប្បន្នផ្អែកលើការសិក្សាស្រាវជ្រាវចុងក្រោយគិតត្រឹមខែសីហាឆ្នាំ២០២១ កម្ពុជាផលិតម្រេចបានប្រមាណ១៨.០០០តោន លក់ចេញទៅប្រទេសជិតខាងប្រមាណ ៨៣-៨៤% លក់ទៅកាន់ទីផ្សារអ៊ឺរ៉ុប ១៦-១៧% ជាពិសេសប្រទេសអាល្លឺម៉ង់ បារាំង ហូឡង់ ហើយនៅឆ្នាំ២០២៣នេះផងដែរ សហព័ន្ធនៅតែមានសុទិដ្ឋិនិយម ចំពោះតម្លៃម្រេចសរីរាង្គ និងម្រេចសុវត្ថិភាពកម្ពុជា នឹងមិនមានការធ្លាក់ចុះ និងកើនឡើងខ្លាំង ដែលធ្វើឱ្យកសិករមិនខាតបង់ឡើយ។ មួយវិញទៀតសហព័ន្ធជឿជាក់លើផែនការយុទ្ធសាស្រ្តឆ្នាំ២០២៣របស់ខ្លួន អាចពង្រឹងសមត្ថភាពស្តុក កែច្នៃ ចែកចាយ ព្រមទាំងអាចកៀរគរវិនិយោគទុនថ្មីៗ សម្រាប់ម្រេចកម្ពុជា ដូចជាសហគមអ៊ឺរ៉ុប សហរដ្ឋអាមេរិក ចិន និងប៉ែកខាងបច្ចឹមបូព៌ា»។

តាមរយៈព្រឹត្តិការម្រេចកម្ពុជា ឆ្នាំ២០២២កន្លងមកសង្កេតឃើញថាមានវិនិយោគទុនបរទេសមួយចំនួនកំពុងចាប់អរម្មរណ៍ សិក្សាអំពីម្រេចសុវត្ថិភាព និងម្រេចសរីរាង្គ។សម្រាប់ម្រេចសរីរាង្គត្រូវបានអនុវត្តតាមស្តង់ដាសរីរាង្គ ដូចជា EU, USDA និង JAS ដែលទទួលស្គាល់ដោយ Control Union ដែលបានចេញវិញ្ញាបនប័ត្រស្តង់ជូនកសិករ ឬសហគមនកសិកម្មដែលបានអនុវត្តតាមគោលការសរីរាង្គបានត្រឹមត្រូវ ។ ម្រេចសុវត្ថិភាព ជាម្រេចដែលបានអនុវត្តិតាមស្តង់ដា GAP ឬគោលការកសិកម្មល្អ ខណៈដែលម្រេចធម្មតាគឺអនុវត្តតាមបែបប្រពៃណីមិនមានប្រព័ន្ធត្រួតពិនិត្យងផ្ទៃក្នុង និងប្រព័ន្ធសុវត្ថិភាពចស្តង់ដាចំនីអាហារ ដែលធ្វើឱ្យម្រេចដែលផលិតបានមានជាប់សារធាតុគីមី និងប៉ះពាល់សុខភាព មិនអាចនាំចេញបាន។

សូមជម្រាបជូនថា សហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា មកដល់បច្ចុប្បន្នមានសមាជិកភាពចំនួនប្រមាណ ៣៦ក្រុមហ៊ុន និង១ពាន់គ្រួសារ។

យោងតាមរបាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ការនាំចេញម្រេចក្នុងរយៈពេល១០ខែឆ្នំា២០២២មានប្រមាណជាង៧.៧០៤តោន ថយចុះជាង៧១% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមជាង៦.៦៤៥តោន,ប្រទេសអាល្លឺម៉ង់ជាង៩២៨តោន,សហរដ្ឋអាមេរិក២៦តោន, កោះតៃវ៉ាន់២១តោន,ប្រទេសបារំាងជាង១៩តោន, ប្រទេសប៊ែលហ្ស៉ិកជាង១៨តោន, ប្រទេសម៉ាឡេស៊ីជាង១៤តោន, សាធារណឆេកជាង១១តោន, ប្រទេសកូរ៉េជាង៧តោន, ប្រទេសជប៉ុនជាង៣តោន, ប្រទេសស៊ុយអ៊ែតជាង២តោន, ប្រទេសស្វីសជាង២តោន, ប្រទេសកាណាដាជាង១តោន,ចក្រភាពអង់គ្លេស១តោន, ប្រទេសឥណ្ឌា០,៩២តោន, ប្រទេសលីទុយអានី០,៤៥តោន, ប្រទេសកាហ្សាក់ស្ថាន០,៣០តោន, ប្រទេសអូស្ត្រាលី០,១០តោន,ប្រទេសរុស្ស៊ី០,០៣តោននិងប្រទេសណេដឺឡែន០,០១តោន៕ អត្ថបទ៖ ឧកញ៉ា សារេត