លោក លី សាំងឡេង ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ តាមព្រះរាជក្រឹត្យ នស/រកត/១២២២/១៦២២។ ក្នុងឱកាសដែលលោក លី សាំងឡេង ទទួលគោរមងារឧកញ៉ា ធ្វើឡើងតាមសំណើក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោក សាំងឡេង ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅក្នុងវិស័យនាំចូល និងចែកចាយ សេវាកម្មជួសជុលគ្រឿងចក្រ អចលនទ្រព្យ បុរី និងសាងសង់។ បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន លី ប្រាឌី លីមីតធីដ និងជាប្រធានក្រុមហ៊ុន លី ប្រាឌឺ ម៉ូធ័រ (LY Brothers Motors Co, Ltd) ដែលទទួលសិទ្ធិចែកចាយ យានជំនិះម៉ាក TERRA MOTORS របស់ជប៉ុន។
បន្ថែមទៅទៀត លោកក៏មានសាជីវកម្ម លី ប្រាឌឺ អេស៊ី (Ly Brothers A.C) គឺជាក្រុមហ៊ុនក្នុងស្រុក ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១០ ផ្គត់ផ្គង់ កៅស៊ូក្រាលថ្នល់លាយស្រាប់ និងសេវាកម្មស្ថាបនាសំណង់ផ្លូវថ្នល់គ្រប់ប្រភេទ នៅក្នុងប្រទេសកម្ពុជា។
គួររំលឹកថា ក្រុមហ៊ុន លី ប្រាឌឺ (Ly Brothers) ក៏ជាអ្នកទទួលបន្ទុកម៉ៅការសាងសង់ស៊ីផាយ (ជញ្ជាំងបេតុង) ប្រឡាយបឹងត្របែកទាំងសងខាងប្រវែង ១៧០០ ម៉ែត្រ។ លើសពីនេះ ឧកញ៉ា លី សាំងឡេង ក៏មានក្រុមហ៊ុនក្នុងវិស័យច្បាប់មួយផងដែរ គឺក្រុមមេធាវី អេច អេន អេច ប្រាដឺ ដែលមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកមេធាវី ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែនជាប្រធានក្រុមមេធាវី អេច អេន អេច ប្រាដឺ៕