ត្រឹមពេលមិនដល់មួយសប្តាហ៍ មានពាណិជ្ជករខ្មែរប្រមាណ ៧រូបទទួលគោរមងារ«ឧកញ៉ា អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

បើកទំព័រសករាជឆ្នាំថ្មី ២០២៣ ត្រឹមដើម្បីខែមករានេះ ពោលគឺរយៈពេលតែ ៥ថ្ងៃប៉ុណ្ណោះ មានអ្នករកស៊ី និងឧកញ៉ា ប្រមាណ ៧រូប ត្រូវទទួលបានគោរមងារ «ឧកញ៉ា អ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាណិជ្ជករមានងារឧកញ៉ា  ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា រួមមាន៖ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន SUN & MOON Group ឧកញ៉ា ជា រតនា និងឧត្តមភរិយា គឺឧកញ៉ា លី លីហៀក ទទួលងារ «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យ នស/រកត/០១២៣/០០៩ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

អ្នកឧកញ៉ា ជា រតនា និងអ្នកឧកញ៉ា លី ហៀក

ឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន BS Land and Home និងជាអនុប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជា ទទួលគោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣២។

ឧកញ៉ា ចាប ហុងលី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និង​ជាអនុប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជា ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣១ ចុះ​ថ្ងៃទី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

អ្នកឧកញ៉ា ចាប ហុង និងភរិយា

ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺឧកញ៉ា លី ឃុនថៃ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/ករត/០១២៣/០៣០ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ បច្ចុប្បន្នឧកញ៉ាជាអនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា, ប្រធានសមាគមស្បែកជើងកម្ពុជា, ប្រធានកិតិ្តយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA), សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត, ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group) និងប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ម.ក ។

អ្នកឧកញ៉ា លី ឃុនថៃ

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ អគ្គនាយករងក្រុមហ៊ុន SUN & MOON GROUP ដែលជាកូនស្រីបង្កើត និងកូនប្រសារ អ្នកឧកញ៉ា ជា រតនា គឺលោក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី ជា ឡាក់គី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៨។

អ្នកឧកញ៉ា ជា រតនា និងក្រុមគ្រួសារ

យ៉ាងណាម៉ិញ ក្រៅតែពីការផ្តល់គោរមងារ ឧកញ៉ា អ្នកឧកញ៉ាជូនដល់ពាណិជ្ជករជាម្ចាស់ក្រុមហ៊ុនគ្រាក់ៗ ៧រូបហើយនោះ តាមដំណើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យតែងតាំងមុខដំណែង និងផ្តល់ឋានៈដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល នៅតាមបណ្តាក្រសួង ស្ថាប័ននានា ដូចជា ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕