ចិនបើកច្រកព្រំដែនវិញ ជាសញ្ញាបញ្ចប់យុទ្ធនាការកូវីដសូន្យ

អន្តរជាតិ

រយៈពេល ៣ ឆ្នាំដែលរដ្ឋាភិបាលចិន បាន​ប្រកាស​អនុម័ត​យុទ្ធនាការ​កូវីដសូន្យ ដោយធ្វើការ​បិទច្រកព្រំដែន ជាមួយ​នឹង​វិធានការរឹតបន្តឹងកូវីដ​យ៉ាងហ្មត់ចត់ជាទីបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ថ្មីៗនេះពួកគេបាន​ប្រកាសថា នឹង​បើកទ្វារច្រកព្រំដែន​សារថ្មីចាប់ពីថ្ងៃអាទិត្យកន្លងទៅ ហើយសម្រាប់​ភ្ញៀវទេសចរណ៍​ក៏​មិន​តម្រូវ​ឲ្យ​ធ្វើចត្តាឡីស័កឡើយ បើសិនជា​ពួកគេ​មិនមាន​សញ្ញាវិជ្ជមាន​កូវីដ ១៩ រយៈពេល ៤៨ម៉ោង មុន​ធ្វើដំណើរដល់​ប្រទេសចិន។

សេចក្ដីប្រកាសអំពី​ការ​បើកច្រកព្រំដែន​នេះផងដែរ បាន​ធ្វើឲ្យ​ប្រជាជនចិន​រស់នៅបរទេស​ជាច្រើន​ពាន់នាក់​បង្ហាញ​ភាពរីករាយ ដ្បិត​ពួកគេ​អាច​ធ្វើដំណើរ​មកជួបជុំ​ក្រុមគ្រួសារ​នៅ​ស្រុក​កំណើត​វិញ ក្នុងឱកាស​បុណ្យចូលឆ្នាំចិនខាងមុខ បន្ទាប់ពីខកខាន​ជួបជុំសាច់ញាតិ​អស់រយៈពេល ៣ ឆ្នាំ។

បន្ថែមពីនោះ Japantimes បាន​អះអាងថា ការបើកច្រកព្រំដែនរបស់ចិន​សារនេះ ប្រៀបដូចជា​សញ្ញា​នៃ​ការ​បិទបញ្ចប់​យុទ្ធនាការ​កូវីដសូន្យ ដែល​កន្លងមក​វា​បាន​ធ្វើ​ឲ្យ​មហាអំណាចសេដ្ឋកិច្ច​ទី ២ លើ​លោក ជួប​ហានិភ័យជាច្រើនលើកច្រើនសារ​ រយៈពេល ៣ ឆ្នាំ​កន្លងមក​នេះ។

សូមជម្រាបដែរថា ចិនគឺជាប្រទេសចុងក្រោយ​ដែល​បន្ធូរបន្ថយ​វិធានការ​កូវីដ សម្រាប់​ភ្ញៀវទេសចរណ៍​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ចូល​មក​ប្រទេស​របស់ខ្លួន ហើយភ្ញៀវទេសចរណ៍​ដែល​មាន​បំណង​ទៅកម្សាន្តនៅចិន ត្រូវមាន​ឯកសារបញ្ជាក់​ពីការ​ធ្វើតេស្ត PCR និង​តម្រូវ​ឲ្យ​ពាក់ម៉ាស​ស្ទើរគ្រប់ពេល៕