នៅទីបំផុតច្រកផ្លូវដឹកជញ្ជូនទំនិញដ៏ធំបំផុត និងតែមួយគត់រវាងចិន-រុស្ស៊ី ដែលឆ្លងកាត់ទន្លេ Heilongjiang ភាគឦសានប្រទេសចិន បានបើកឱ្យធ្វើចរាចរណ៍ធម្មតាវិញហើយ ជាមួយក្តីរំពឹងទុកថាវា នឹងអាចទាញយកសក្តានុពលកាន់តែច្រើនសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែធ្វើឱ្យទំហំពាណិជ្ជកម្មឈានដល់កម្រិតថ្មីមួយផ្សេងទៀត ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Global Times ។
គួរឱ្យដឹងថាផ្លូវច្រកព្រំដែនដ៏សំខាន់មួយនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញសារជាថ្មីម្តងទៀត បន្ទាប់ពីបិទរយ:ពេល ៣ ឆ្នាំ នៅក្រោយពេលរដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចធ្វើការដកចេញនូវច្បាប់រឹតបន្តឹងជំងឺកូវីដ ១៩ ដ៏តឹងរ៉ឹងរបស់ខ្លួន។
មិនតែប៉ុណ្ណោះ ជុំវិញការបើកច្រកព្រំដែននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមេដឹកនាំចិន និងរុស្ស៊ី បានជួបប្រជុំគ្នា តាមរយ:វីដេអូខល នៅពេលដែលភាគីខាងប្រទេសចិន បានសង្កត់ធ្ងន់ថា ប្រទេសទាំង ២ គួរតែប្រើប្រាស់ច្រកព្រំដែននេះឱ្យកាន់តែប្រសើឡើងបន្ថែមទៀត ជាមួយយន្តការដែលមានស្រាប់ ដើម្បីជំរុញឱ្យមានវឌ្ឍនភាព ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ហិរញ្ញវត្ថុ និងកសិកម្ម ។
ជាងនេះទៅទៀត ការបើកច្រកនេះ បានបង្ហាញថាវាជាលទ្ធផលដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ចិន និងរុស្ស៊ី ដែលអាចនឹងជំរុញពាណិជ្ជកម្មទ្វេភាគីប្រកបដោយប្រសិទ្ធិភាព ខណ:គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឈានដល់ ១៧២,៤១ ពាន់លានដុល្លារ ៕