ដឹងអត់ថា អ្នកឧកញ៉ា សុខ គង់ សាងសង់រូបសំណាកយាយម៉ៅ តាំងពីពេលណា និងអស់ថ្លៃប៉ុន្មាន?

ជុំវិញ​ឧកញ៉ា

លោកយាយម៉ៅ ជាទេពធីតា នៃអ្នកថែរក្សា ដែលល្បីឈ្មោះក្នុងការថែរក្សាសន្តិភាព និងភាពស្ងប់សុខ នៅតំបន់ព្រៃភ្នំ និងឆ្នេរ​សមុទ្រ​នៃប្រទេសកម្ពុជា ដូចជា ខេត្តកំពត ក្រុងកែប និងក្រុងព្រះសីហនុ។ អ្នក​​ដំណើរ​​មិនដែលរំលង ការចូលទស្សនា និងគោរពលោកយាយម៉ៅ នោះឡើយ ពេលដែលពួកគេ​ធ្វើដំណើរឆ្លងកាត់​ផ្លូវជាតិ​លេខ៤ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ឬធ្វើដំណើរឡើងទៅកាន់ភ្នំបូកគោ ហើយដើម្បីតបស្នងនឹងការគោរពនេះ លោកយាយតែងតែផ្តល់ការ​ថែរក្សាការពារជានិច្ច ដល់អ្នកដែលគោរពសក្ការៈចំពោះគាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ ដើម្បីបង្ហាញការគោរពដល់បារមីលោកយាយម៉ៅ អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុនស៊ូគីម៉ិច អ៊ិនវែស មិនគ្រុប បានកសាងរូបសំណាកធំបំផុត ដែលមានកំពស់២៩ ម៉ែត្រ នៅលើឧទ្យាន​ជាតិ​ភ្នំបូកគោ ដោយ​សំណង់ទាំងមូលមានតម្លៃជាង ២១ម៉ឺនដុល្លាអាមេរិក (២១០,១៨២​ដុល្លារ)។ រូបសំណាក​នេះ ត្រូវបានកំណត់ទីតាំងនៅលើកំពូលភ្នំ (កម្ពស់១០៧៥ម៉ែត្រ) ដែលអាចមើល​ឃើញឆេ្នរសមុទ្រទាំងមូល។ អ្នកទស្សនាដែលឡើងដល់កំពូលភ្នំ មិនអាចរំលង ការឈប់សម្រាក ហើយចូល​គោរព​រូបសំណាក លោកយាយ​ម៉ៅ​នោះទេ។ បច្ចុប្បន្ន​រូបសំណាកលោកយាយម៉ៅ បានក្លាយជាកំណត់សម្គាល់​នៃឧទ្យានជាតិ​បូកគោ ដែលទាក់​ទាញភ្ញៀវជាតិ និងអន្តរជាតិ។ វាមិនត្រឹមតែជាគម្រោងការងារមួយគួរឲ្យកត់សម្គាល់ប៉ុណ្ណោះទេ ថែមទាំងជា​សំណង់​សិល្បៈផ្នែកជំនឿដ៏ចំណានមួយ នៅក្នុងប្រវត្តិសាស្ត្រ។

អំពីស្ថាបត្យកម្ម

ភ្នំបូកគោ ត្រូវបានរកឃើញដោយជនជាតិបារាំង នៅឆ្នាំ១៩១៧ ហើយអភិវឌ្ឍន៌ទៅជារមណីយដ្ឋាននៅ​ឆ្នាំ​១៩២១។ វិហារកាតូលីកមួយត្រូវបានសាងសង់កំឡុងការអភិវឌ្ឍន៌នៃរមណីយដ្ឋាន ចំណែក​វត្តសំពៅប្រាំ របស់ខ្មែរ ត្រូវបានសាងសង់នៅឆ្នាំ១៩២៤។

នៅឆ្នាំ២០០៨ ការអភិវឌ្ឍរមណីយដ្ឋានឋានសួគ៌បូកគោលើភ្នំបូកគោ និង គម្រោងសំណង់រូបសំណាក លោក​យាយម៉ៅ ត្រូវបានធ្វើឡើង។ គោលបំណងនៃការសាងសង់រូបសំណាកនេះ គឺដើម្បីគោរពដល់លោកយាយម៉ៅ ដែលជាព្រលឹងនៃអ្នកថែរក្សាភ្នំ និងសមុទ្រ និងត្រូវបានសាងសង់សម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ គោរព បន់ស្រន់សុំសេចក្តីសុខ និងសុវត្ថិភាព។

សំណង់រូបសំណាកលោកយាយម៉ៅ ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ និងបញ្ចប់​នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២។ រូបសំណាកនេះ ត្រូវបានសាងសង់ឡើងពីស៊ីម៉ង់ ដែលមានកម្ពស់ ២៩ ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅជិតច្រាំងចោទនៃឆ្នេរសមុទ្រ។

ពីដំបូង រូបសំណាកត្រូវបានកំណត់ពេលសាងសង់ឲ្យរួចរាល់ត្រឹមរយៈពេល១ឆ្នាំ ប៉ុន្តែត្រូវពន្យាពេលរហូតដល់​២ឆ្នាំ ដោយសារតែលក្ខខណ្ឌអាកាសធាតុ និងមធ្យោបាយដឹកជញ្ជូន។ រូបសំណាក​លោក​យាយ​ម៉ៅ​ នាំមកនូវ​កិរិយាសមាធិ ដោយបង្ហាញនូវភាពស្ងប់ និងសន្តិភាព តាមរយៈ ការអង្គុយលើអាសនៈ៣ ជាន់។ រូបសំណាក​ត្រូវបានលាបពណ៌ ជារូបស្លៀកសំពត់ពណ៌ខ្មៅ ពាក់អាវស និងបង់ក្រមាពណ៌លឿង ដែលជាគ្រឿងសម្គាល់ នៃប្រពៃណីស្លៀកពាក់របស់ដូនជី ។

ប្រវត្តិនិទានអំពីលោកយាយម៉ៅ

កំពូលមេទ័ពស្រីម៉ៅ ឬជំទាវមេទ័ពម៉ៅ មានប្រភពអះអាងផ្សេងៗគ្នា អំពីប្រវត្តិរបស់យាយម៉ៅ ក្នុងចំណោមនោះ មានប្រវត្តិនិទានមួយបានអះអាងថា យាយម៉ៅគឺជាមេទ័ពកំពូលបន្តពីលោកមេទ័ពគ្រី។ ដើមឡើយស្ថិតនៅក្នុង​យុវវ័យ​ពេញរូបពេញរាង សម្បុរណ៍ខ្មែរស្រអែម ស្រីម៉ៅ មិនទាន់មានគូរស្រករនៅឡើយទេ ហើយក៏ពុំទាន់មាន​តួនាទី​អ្វីនៅក្នុងជួរទ័ពដែរ។

អំឡុងពេលជាង៥០០ឆ្នាំមុន សង្រ្គាមឈ្លានពានរបស់ពួកសៀមមកលើប្រទេសខ្មែរបានកើតមានយ៉ាងខ្លាំងក្លា។ ការវាយប្រយុទ្ធ ដើម្បីការពារទឹកដីខ្មែរបានធ្វើឱ្យមានការពលីសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន យុទ្ធនារី​យើងរាប់សិបឆ្នាំ។

ថ្ងៃមួយលោកគ្រី ជាមេទ័ពកំពូលភូមិភាគនិរតីគ្រប់គ្រងដែនគោក ដែនទឹក (តំបន់សមុទ្រ) របស់ប្រទេសខ្មែរ រួមមាន កោះកុង កំពត ក្រុងព្រះសីហនុ និងមួយផ្នែកនៅពាយ័ព្យដូចជាពោធិ៍សាត់ជាដើម បានទទួលយក​ស្រីម៉ៅ​មកធ្វើជា​ជំនួយការផ្ទាល់។ លោកមេទ័ពគ្រី ក្នុងការទប់ទល់ច្រើនយប់ច្រើនថ្ងៃក៏ត្រូវកងទ័ពសៀម​សម្លាប់​ចោលនៅលើមូលដ្ឋានសឹកចុងក្រោយក្នុងខេត្តកោះកុងបាត់ទៅ។ ចំណែកឯទ័ពទាំងឡាយដែលនៅសេសសល់​ទាំងអស់កាលបើឃើញមេទ័ពធំស្លាប់បែបនេះក៏កើតចលាចលបាក់ទឹកចិត្តយ៉ាងខ្លាំង។

រីឯស្រីម៉ៅមេទ័ពរងវិញ ពេលដែលឃើញសភាពទ័ពបាក់ទឹកចិត្តហេវហត់ស្លាប់និងរបួសឥតគណនាយ៉ាងដូច្នេះ ក៏សម្រេចចិត្តមុខវាយបើកផ្លូវ ដើម្បីគេចចេញពីការហ៊ុមព័ទ្ធ នាំទ័ពដែលនៅសេសសល់ទាំងអស់​ដកថយមកដល់​ស្រែអំបិល និងបន្តមកប្រមូលផ្តុំកម្លាំងទ័ពនៅលើកំពូលភ្នំពេជ្រនិល ដែលជាភ្នំយុទ្ធសាស្ត្រអាចទប់ទល់​ការរុល​មកមុខរបស់កងទ័ពសៀមបាន។

កាលបើលោកមេទ័ពគ្រីស្លាប់បាត់ទៅស្រីម៉ៅ ក៏ត្រូវបានព្រះរាជាខ្មែរ តែងតាំងជាមេទ័ពកាន់កាប់ភូមិភាគនិរតី​ចាប់​ពីពេលនោះមក។ មិនយូរប៉ុន្មានស្រីម៉ៅ បានប្រមូលកងទ័ពនិងយុទ្ធជនស្នេហាជាតិទាំងអស់ រៀបក្បួន​យុទ្ធសាស្ត្រ​វាយសម្រុកទាំងផ្លូវទឹកនិងផ្លូវគោកទៅលើកងទ័ពសៀម នៅខេត្តកោះកុង ដើម្បីដណ្តើមយកទឹកដីខ្មែរ​មកវិញរហូតបានទទួលជោគជ័យជាស្ថាពរ។

ដោយស្រីម៉ៅចេះមន្តអាគមប្ញទ្ធិបារមីស្រាប់ផង ស្រីម៉ៅបានប្រើកងទ័ពស្មៅឬស្លឹកអំបិលចូលលុកលុយ​គ្រប់​បន្ទាយ​ឈរជើងរបស់ទ័ពសៀម។ កងទ័ពស្មៅ និងកងទ័ពស្លឹកអំពិលមានចំនួនរាប់សែននាក់​ចូលជំរុំទាហាន​សៀម ខាប់ទឹក ខាប់ដី ធ្វើឱ្យទ័ពសៀមមានការជ្រួលច្របល់បាក់ទ័ពភ័យខ្លាចគ្មានស្មារតីប្រយុទ្ធទាល់តែសោះ។

ចាប់តាំងពីពេលដែលជំទាវម៉ៅស្លាប់បាត់ទៅនោះ ទោះបីជាទ័ពសៀមប្រាថ្នាដណ្តើមយកខេត្តកោះកុង​សារជាថ្មី​ទៀតក្តី ក៏នៅតែមិនអាចទទួលជោគជ័យបានដដែល ព្រោះពលទាហានខ្មែរបានចេះចាំយុទ្ធវិធីសឹក ដែលជំទាវ​ម៉ៅ​បង្ហាត់បង្ហាញ ហើយរាល់មុនការប្រយុទ្ធ ទាហានទាំងអស់តែងតែបួងសួងសុំឱ្យវិញ្ញាណជំទាវម៉ៅ​ចូលមក​សណ្ឋិត​នៅក្នុងរូបកាយរបស់គេគ្រប់ៗគ្នា ដើម្បីឱ្យក្លាយទៅជាកម្លាំង​មហិមាបង្រ្កាបសត្រូវទទួលបានជោគជ័យ​គ្រប់សមរភូមិ។

បារមីជំទាវម៉ៅបានល្បីល្បាញគ្រប់ទិសទី នៅតាមបណ្តាខេត្តតំបន់ជាប់មាត់សមុទ្រ ជួយដល់អ្នកដែលគោរពបូជា​រូបគាត់​គ្រប់ៗគ្នា តាំងពីពេលនោះរហូតដល់សព្វថ្ងៃ។ ហើយដង្វាយនៃការបន់ស្រន់ គេតែងតែដាក់នូវលិង្គ​សិប្ប​និមិត្ត ឬចេតិយ៍សម្រាប់ធ្វើជាទីកន្លែងឱ្យវិញ្ញាណស្នាក់អាស្រ័យ។

កំណត់និពន្ធរឿងនិទាននេះគេអាចយកជាការបាន ដោយសារសាច់រឿងនេះស្របគ្នាជាមួយនឹងរូបសំណាក​យាយម៉ៅ គឺមានគ្រងឯកសណ្ឋានជាមន្ត្រីហើយកាន់ដំបងនាគមួយបង្ហាញពីភាពជាមេទ័ពដ៏អង់អាចមួយរូប។ នេះ​បើ​តាម​និទានប្រវត្តិដកស្រង់ចេញពីសៀវភៅ ជីវិតអាថិ៍កំបាំងលោកយាយម៉ៅ ស្រាវជ្រាវ និងនិពន្ធដោយ លោក គង់ យុទ្ធនា (ហៅវង្ស វាសនា)។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​​នា​ពេល​ខាង​មុខ​ ភ្នំបូកគោ​ នឹង​មាន​រូប​សំណាក​ដ៏​ធំ​ស្គឹមស្កៃ​មួយ​ទៀត​គឺ រូប​សំណាក​ព្រះពុទ្ធប្បដិមា​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក​ កម្ពស់១០៨ម៉ែត្រ ​​បន្ទាប់​ពី​​​​​អ្នកឧកញ៉ា សុខ គង់ ​​បាន​រៀប​ចំ​ពិធី​បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ​​កាល​ពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ២០២៣។ ​តាម​ការ​បញ្ជាក់​ពី​អ្នកឧកញ៉ា សុខ គង់​​ រូប​សំណាក​ព្រះពុទ្ធប្បដិមា​​ ​​នឹង​ចំណាយ​ថ្លៃ​សាងសង់​លើស​រូប​សំណាក​លោក​យាយ​ម៉ៅ ​រាប់រយ​ដង រហូត​ចន្លោះ​ពី ៣០​លាន​ដុល្លារ ដល់​៤០​លាន​ដុល្លារ​ឯណោះ៕