រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឱ្យរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នូវរូបសំណាក “រូបពីរ” ឬវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ (Monument aux Morts) ស្ថិតនៅសួនមុខស្ថានទូតបារាំង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដោយគម្រោងចំណាយថវិកាប្រមាណ ៥០ម៉ឺនដុល្លារ។
តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖
១. រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញនូវរូបសំណាក “រូបពីរ” ឬវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ (Monument aux Morts) ស្ថិតនៅសួនមុខស្ថានទូតបារាំង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក ដោយមានវត្តមានរបស់លោក Olivier Becht រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនៃសាធារណៈរដ្ឋបារាំង។
២. ប្រើប្រាស់ថវិកាចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយរបស់លោក Roger Zannier សប្បុរសជន ដើម្បីអនុវត្តការសាងសង់នេះ។
៣. អនុញ្ញាតជូនស្ថានទូតបារាំងប្រើប្រាស់ទីតាំងរូបសំណាក “រូបពីរ” ដើម្បីរៀបចំពិធីរំឭកខួបអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាមលោកលើកទី១ នៅថ្ងៃទី១១ ខែវិច្ឆិកា រៀងរាល់ឆ្នាំ។
ពិធីបញ្ចុះបឋមសិលាសាងសង់នូវរូបសំណាក “រូបពីរ” នាថ្ងៃទី២៥ ខែមករា ខាងមុខនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងអញ្ជើញធ្វើពិធីក្រុងពាលី នៅពេលព្រលឹម បន្ទាប់មកលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញជាគណៈអធិបតី ព្រមទាំងការថ្លែងសុន្ទរកថា បើកការដ្ឋានសាងសង់។
គួររំឭកថា ក្នុងជំនួបទ្វេភាគីនៅក្នុងវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីសថា លោកបានយល់ព្រមអនុញ្ញាតឱ្យមានការសាងសង់រូបសំណាកមិត្តភាពនេះឡើងវិញហើយ។
សម្តេចតេជោ បានថ្លែងថា៖ “មានរឿងមួយដែលខ្ញុំគួរតែនិយាយប្រាប់អ្នកទាំងអស់គ្នានៅទីនេះ ទាក់ទងនឹងការរកឃើញថ្មីៗ និងជាការគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំ។ ៣ថ្ងៃ មុនខ្ញុំមកដល់ទីនេះ យើងបានរកឃើញ មានរូបសំណាកមួយដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩២៥ ហើយត្រូវបានខ្មែរក្រហមវ៉ៃកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។ ខ្ញុំបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីរួចហើយ។ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូប នៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង។ សង្ឃឹមថា លោកប្រធានាធិបតី មិនជំទាស់នឹងគម្រោងនេះទេ”។
សូមបញ្ជាក់ថា រូបសំណាកវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ (Monument aux Morts) ជារូបសំណាកតំណាងឱ្យមិត្តភាពកម្ពុជាបារាំង ហើយជារូបសំណាកដ៏ធំ ដែលបង្ហាញពីសាមគ្គីភាពរវាងយុទ្ធជនបារាំងនិងកម្ពុជា ដែលធ្លាប់រួមគ្នាប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី១។ រូបសំណាកនេះត្រូវបានកសាងនៅក្នុងឆ្នាំ១៩២៥ ដើម្បីឧទ្ទិសដល់យុទ្ធជនពលីនៅក្នុងសង្គ្រាម ហើយដែលប្រជាជនខ្មែរហៅរូបសំណាកនេះថា រូបសំណាក «រូបពីរ» ប៉ុន្តែរូបសំណាកនេះត្រូវបានខ្មែរក្រហមវ៉ៃកម្ទេចចោលក្នុងឆ្នាំ ១៩៧៧៕