ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានជូនដំណឹងដល់ពលករខ្មែរ អំពីសេចក្តីប្រកាសបម្រាមគោចររបស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដើម្បីការទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ ដែលនឹងចូលជាធរមានចាប់ពីយប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០តទៅ រហូតដល់ស្ថានភាពវិលត្រឡប់មកភាពប្រក្រតីវិញ។
រាជរដ្ឋាភិបាលថៃ តាមរយៈលោក ប្រាយុទ្ធ ចាន់អូចា ប្រកាសដាក់បម្រាមគោចរទូទាំងប្រទេស ចូលជាធរមានចាប់ពីយប់ថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០តទៅ ដែលមានខ្លឹមសារដូចខាងក្រោម៖
១. ហាមមិនឲ្យប្រជាជនទូទាំងប្រទេសចេញក្រៅផ្ទះ ចាប់ពីម៉ោង ១០:០០ យប់ដល់ម៉ោង ៤:០០ ព្រឹក លើកលែងតែមានការចាំបាច់ ឬអ្នកបំពេញការងារផ្នែកវេជ្ជសាស្រ្ត ធនាគារ ដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគបរិភោគ ផលិតផលកសិកម្ម ថ្នាំពេទ្យ បរិក្ខាពេទ្យ កាសែត ប្រេងឥន្ទនៈ ទំនិញនាំចេញនាំចូល ការដឹកជញ្ជូនមនុស្សទៅដាក់នៅដោយឡែក ការចេញចូលធ្វើការដូរវេនយប់ ឬការធ្វើដំណើរទៅព្រលានយន្តហោះ ត្រូវមានលិខិតធានាភាពចាំបាច់ក្នុងការធ្វើដំណើរ និងឯកសារបញ្ជាក់ទំនិញទាំងនោះ។ ជនណាដែលល្មើសនឹងបម្រាមខាងលើ ត្រូវជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យប្រមាណ ១២៥០ដុល្លារ ឬត្រូវពិន័យ និងជាប់ពន្ធនាគារ។
២. ក្នុងករណីសេចក្តីប្រកាស ឬបទបញ្ជាកន្លងមក ដែលមានខ្លឹមសារដូចក្នុងចំណុចទី១ នៅតាមខេត្ត តំបន់ ឬទីកន្លែងផ្សេងទៀត ត្រូវបន្តអនុវត្តដដែល។
៣. ក្នុងករណីអ្នកដំណើរមិនអាចចេញពីប្រទេសថៃបាន ចាត់ឲ្យគណៈកម្មការកូវីដខេត្ត ក្រុង ចាត់ចែងគ្រប់គ្រងអ្នកទាំងនោះ ដើម្បីការពារការរាតត្បាតជំងឺតាមលក្ខខណ្ឌ និងពេលវេលាដែលបានកំណត់។
ស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជំរុញឲ្យពលករខ្មែរនៅថៃ ចូលរួមសហការជាមួយអាជ្ញាធរថៃ ក្នុងការអនុវត្តតាមសេចក្តីប្រកាសបម្រាមគោចរនេះ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។
ក្នុងករណីពលករខ្មែរនៅប្រទេសថៃមានបញ្ហា អាចទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃតាមរយៈហ្វេសប៊ុកផេក ឬលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ និងលេខ ០៩៤ ០៩២៥៩០៥៕