បូកសរុបការខាតបង់ប្រចាំឆ្នាំ ២០២២ របស់ក្រុមមហាសេដ្ឋីពិភពលោក គឺមានរហូតដល់ជិត ២ ទ្រីលានដុល្លារ ហើយក្នុងនោះមហាសេដ្ឋីអាមេរិកខាតបង់ទ្រព្យសម្បត្តិច្រើនបំផុត។
យោងតាមរបាយការណ៍ចុះផ្សាយដោយ Forbes បានបង្ហាញថា ក្នុងចំណោមមហាសេដ្ឋីដែលខាតបង់ច្រើនបំផុត មានបុគ្គល ៥ រូបរបូតលុយច្រើនជាងគេ ខណៈអ្នកទាំង ៥ នោះគឺសុទ្ធសឹងតែជាមហាសេដ្ឋីបច្ចេកវិទ្យា។
ប្រភពដដែលបន្ថែមថា ស្ថាបនិក SpaceX លោក Elon Musk ជាបុគ្គលខាតបង់ច្រើនបំផុតប្រមាណ ១២៥ ពាន់លានដុល្លារ ខណៈស្ថាបនិក Amazon លោក Jeff Bezos របូតលុយប្រហែល ៨៥ ពាន់លានដុល្លារ និងមេធំ Meta លោក Mark Zuckerberg បាត់បង់ទ្រព្យសម្បត្តិអស់ ៧៧ ពាន់លានដុល្លារ។
ដោយឡែក សហស្ថាបនិក Google លោក Larry Page និង Sergey Brin វិញ បានខាតបង់ទ្រព្យសម្បត្តិអស់ ៤៦ និង ៤៥ ពាន់លានដុល្លាររៀងគ្នា។ សរុបការខាតបង់របស់បុគ្គលទាំង ៥ រូបនេះ គឺមានរហូតដល់ ៣៧៨ ពាន់លានដុល្លារឯណោះ៕