កាលពីពេលថ្មីៗនេះ មហាសេដ្ឋី និងជាអ្នកនយោបាយជនជាតិឆែក Andrej Babis បានតវ៉ាឈ្នះក្ដីក្ដាំ ដែលបានចោទប្រកាន់លោកពាក់ព័ន្ធនឹងករណីឆបោក ក្នុងទំហំទឹកប្រាក់ប្រមាណ ២ លានអឺរ៉ូពីសហភាពអឺរ៉ុប។
យោងតាមការចុះផ្សាយពី Financial Times បានចុះផ្សាយថា EU បានចោទប្រកាន់លោក Babis ពីបទកិបកេងលុយប្រហែល ២ លានអឺរ៉ូ ដោយបានផ្ទេរប្រាក់ចូលទៅក្នុងអាជីវកម្មមួយក្នុងចំណោមមុខជំនួញរបស់លោកជាច្រើន។
ប្រភពដដែលបន្ថែមទៀតថា លោក Babis គឺជាបុគ្គលដែលមានធនធានរាប់ពាន់លានដុល្លារ តាំងពីមុនប្រឡូកចូលឆាកនយោបាយម៉្លេះ ហើយលោកផ្ទាល់ក៏ធ្លាប់ទម្លាយថា ពាក្យបណ្ដឹងដែលលោកទទួលបាននោះ គឺជាឆាកល្ខោននយោបាយ រៀបចំឡើងដើម្បីទម្លាក់លោកពីតំណែងតែប៉ុណ្ណោះ។
សូមជម្រាបដែរថា លោក Babis គឺជាបេក្ខភាពកំពុងទទួលបានសម្លេងគាំទ្រខ្លាំង ក្នុងការដណ្ដើមតំណែងជាប្រធានាធិបតីឆែក ហើយសម្រាប់ការបោះឆ្នោតជម្រុះជុំដំបូងនឹងធ្វើឡើងរយៈពេល ២ ថ្ងៃនៅសប្ដាហ៍នេះ គឺថ្ងៃសុក្រ និងថ្ងៃសៅរ៍ ខណៈការសម្រេចចុងក្រោយ ធ្វើឡើងរយៈពេល ២ សប្ដាហ៍បន្ទាប់៕