ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានអំពាវនាវតាមលិខិតដល់សជិកទាំងអស់ ដែលជារោងមាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ រួមកំលាំងគ្នា ទិញស្រូវអោយអស់ពីវាលស្រែ។ការអំពាវនាវនេះ ធ្វើឡើងដើម្បីធានាសន្តិសុខស្បៀង ជាពិសេសអង្ករសម្រាប់បង្កាត្រៀមទុក្ខ ក្នុងករណីកម្ពុជា មានការរីករាលដាលការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេលវែង។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានឲ្យដឹងពីមូលហេតុ ដែលអំពាវនាវដល់សមាជិកទិញស្រូវជាថ្មីម្តងទៀតនេះ ដូច្នេះថា ដោយភាពវាងវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានធ្វើសេចក្តីសម្រេចឲ្យផ្អាកការនាំចេញស្រូវ និងអង្ករមួយរយៈពេល រហូតដល់មានការជូនដំណឹងជាថ្មី ដែលត្រូវចូលជាធរមានចាប់អនុវត្តពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នេះតទៅ។
ហេតុនេះ លោកឧកញ៉ាថា ដើម្បីជួយដល់ប្រជាកសិក ដែលមានស្រូវនៅសល់ត្រូវការលក់ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ជាឥណទាន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលខ្វះខាតទុនបង្វិលក្នុងការទិញស្រូវ។
ពាក់ព័ន្ធនឹងការអំពាវនាវនេះ បើយោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២០នេះ បានឲ្យដឹងដែរថា ក្នុងឧកាសដ៏មានសារៈសំខាន់នេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមជំរុញ និងលើកទឹកចិត្តសមាជិករបស់ខ្លួនទាំងអស់ សូមចូលរួមបន្តការទិញស្រូវអ៊ីអ៊ែរ៨៥ អ៊ីអ៊ែរ៥០៤ អូអឹម៥៤៥១ និងស្រូវប្រភេទផ្សេងទៀតពីកសិករដែលផលិតបាន ក្នុងតម្លៃមួយសមរម្យតាមតម្លៃទីផ្សារ។
យ៉ាងណាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន សូមបានថ្លែងអរគុណដល់ ឯឧត្តម កៅ ថាច អគ្គនាយកធនាគារ កសិកកម្ម និង អភិវឌ្ឍន៌ជនបទ ដែលបានគាំទ្រ ផ្តល់ប្រាក់កំច្ចីដល់សមាជិករោងម៉ាសីនកិនស្រូវផងដែរ។ ជាងនេះទៀត ប្រធានសហព័ន្ធស្រូវអង្កររូបនេះ ក៏ជំរុញឲ្យសមាជិករបស់ខ្លួនទាំងអស់ត្រូវប្តេជ្ងារួមគ្នាកំទេច Covid ១៩ នៅកម្ពុជា ដើម្បីប្រជាជនកម្ពុជាទាំងអស់គ្នាថែមទៀត៕ អត្ថបទ៖ សិរីការ