ក្រោយពីជួយរាជរដ្ឋាភិបាលកម្ពុជា ៥លានរៀលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ រួចមកឥឡូវនេះ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ដែលគង់នៅកុដលេខ២៤ នៃវត្តនាគវ័ន បានប្រគេន និងចែកទេយ្យទានដល់ព្រះសង្ឃ ពុកម៉ែបងប្អូន និងកងកម្លាំងប្រដាប់អាវុធមួយចំនួនទៀត ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត មានសង្ឃដិកានៅលើហ្វេសប៊ុកថា៖”ថ្ងៃនេះខ្ញុំព្រះករុណាអាត្មាភាព បានប្រគេនទេយ្យទានជូនព្រះករុណាគុណម្ចាស់តាមកុដិ នានាក្នុង វត្តនាគវ័ន និងញាតិញោមពុទ្ធបរិស័ទ នូវម៉ាស់ និង ជែលលាងដៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
ព្រះតេជគុណ មានសង្ឃដិកា បន្ថែមទៀតថា ការចែកទាន ជូនទៅញាតិញោមទាំងឡាយ គឺជាការរួមចំណែកយ៉ាងមហិមានៃ ញាតិញោមឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា និងញាតិញោមគ្រប់ទិសទី មិនថាជិតឬ ឆ្ងាយដែលតែងតែមានជំនឿលើបារមីមហានាគនៃវត្តនាគវ័ន កុដលេខ២៤។ ដូច្នេះព្រះតេជ្ជគុណសូមចែកបុណ្យកុសលដែលបានសាង ដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានសុខចម្រើនរកទទួលទានមានបានគ្រប់ៗគ្នា។
សកម្មភាពដែលបានរៀបរាប់ខាងលើអាចនិយាយបានថា ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គឺជាព្រះសង្ឃទី១ដែលបង្ហាញសកម្មភាពជួយដល់សង្គមមុនគេ ក្រោយព្រះអង្គឃើញសេចក្ដីប្រកាស់របស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជារួច។
សូមបញ្ជាក់ផងដែរ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត គឺជាព្រះសង្ឃដែលល្បីខាងទស្សន៍ទាយ មើលជំងឺ ផ្លូវក្រៅផ្លូវក្នុង ហើយមានអ្នកជឿច្រើន មានទាំងឯកឧត្ដម លោក ជំទាវ ញាតិញោម ទាំងក្នុងនឹងក្រៅប្រទេស ។ ទទឹមគ្នានោះដែរ ព្រោះអង្គតែងតែចែកទានដល់ជនក្រីក្រ ព្រមទាំងអ្នកសិល្បៈក្រីក្រ ចាស់ជរាជាដើម៕