រដ្ឋាភិបាលថៃ គ្រោងចាយលុយ ១,៥ ពាន់លានដុល្លារ លើការផ្តល់ប័ណ្ណសុខុមាលភាពជូនពលរដ្ឋ

អន្តរជាតិ

ថ្មីៗនេះ យោងតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Santi Promphat បានលើកឡើងថារដ្ឋាភិបាល គ្រោងនឹងបញ្ចេញទឹកប្រាក់ចំនួន ៥០ ពាន់លានបាត (១,៥ ពាន់លានដុល្លារ) លើគម្រោងផ្តល់ជូនប័ណ្ណសុខុមាលភាព សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុងឆ្នាំសារពើពន្ធ ២០២៣ នេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Santi បាននិយាយទៀតថា ក្រសួងកំពុងធ្វើការជាមួយភ្នាក់ងាររដ្ឋចំនួន ៤៣ ដើម្បីពិនិត្យមើលទៅលើគុណសម្បត្តិរបស់ប្រជាពលរដ្ឋចំនួន ២១,៥ លាននាក់ ដែលបានចុះឈ្មោះទទួលយកប័ណ្ណនេះ ។

គួរឱ្យដឹងថា បច្ចុប្បន្ននេះមានប្រជាជនថៃប្រមាណ ១៣,៥ លាននាក់ ដែលកំពុងមានប័ណ្ណនេះកាន់នៅក្នុងដៃ ហើយម្ចាស់ប័ណ្ណដែលមានស្រាប់ទាំងអស់នោះ អាចនឹងតម្រូវឱ្យធ្វើការចុះឈ្មោះឡើងវិញ នៅពេលក្រោយទៀត ។

លើសពីនេះ លោក Santi បានអះអាងបន្ថែមទៀតថា រដ្ឋាភិបាលកំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការផ្តល់ជូនថវិការបន្ថែមទៀត សម្រាប់គម្រោងផ្តល់ជូនប័ណ្ណសុខមាលភាពថ្មីនេះ ប្រសិនបើថវិកា ដែលបានគ្រោងទុកចំនួន ៥០ ពាន់លានបាត មិនគ្រប់គ្រាន់ទេនោះ ។

រដ្ឋមន្ត្រីរូបនេះ បានបង្ហាញជំនឿចិត្តថា នៅពេលអនាគត ចំនួនអ្នកចុះឈ្មោះយកប័ណ្ណ អាចនឹងមានការធ្លាក់ចុះ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសងើបឡើងវិញ ជាពិសេសនៅពេលមនុស្សជាច្រើនដែលបានបាត់បង់ការងាររបស់ពួកគេ អំឡុងជំងឺរាតត្បាត ទំនងជាអាចទទួលបានការងារមកវិញ ។

បញ្ជាក់ជូនផងដែរថា ប្រជាជនដែលមានសិទ្ធិកាន់ប័ណ្ណនេះបាន លុះត្រាតែជាពលរដ្ឋថៃ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមានប្រាក់ចំណូលតិចជាង ១០០ ០០០ បាត ក្នុងឆ្នាំ។ ហើយប្រាក់ចំណូលគ្រសារជាមធ្យមសម្រាប់អ្នកដែលចុះឈ្មោះទទួលប័ណ្ណ មិនត្រូវលើសពី ១០០ ០០០ បាត/ម្នាក់ ក្នុងមួយឆ្នាំនោះឡើយ ៕