ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់បណ្តាស្ថាប័ន-កងឯកភាពក្រោមចំណុះ ត្រៀមសហការចូលរួមការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុង ព្រឹត្តិការណ៍កីឡា SEA Games ASEAN Para Games 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភា និងមិថុនា និងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាខែកក្កដា ខាងមុខ។
បទបញ្ជានេះត្រូវបានដាក់ចេញ នៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់កងទ័ពជើងគោក កាលពីថ្ងៃទី១០ ខែមករា ម្សិលមិញ។
ក្រៅពីដាក់ចេញបទបញ្ជាសម្រាប់ព្រឹត្តិការណ៍សំខាន់ទាំងពីនេះ ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យបណ្តាស្ថាប័ន-កងឯកភាពក្រោមចំណុះ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដូចជាការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ។
ជាមួយគ្នា ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញមួយឆ្នាំ២០២២ កន្លងទៅ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី-ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការដែលបានដាក់ចេញ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍ជាយថាហេតុផ្សេងៗ ដូចជាការបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កម្ពុជា នឹងមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួន រួមមានព្រឹត្តិការណ៍កីឡា SEA Games ASEAN Para Games 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភា និងមិថុនា និងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងរៀបចំឡើងនាខែកក្កដា៕