សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញមកបញ្ជាក់លុបចោលការចាប់នាំខ្លួនលោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយពី ស.ជ.ណ ចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ដែលចេញកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងទៅ។
បញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លិខិត ស.ជ.ណ ទាក់ទងនឹងចាប់ខ្លួនលោកស្រី សៀង ចាន់ហេង តាមសំណើររបស់សម្តេចក្រឡាហោម ស ខេង និងការសម្រេចរបស់សម្តេចតេជោ កាលពីថ្ងៃ២៩ ធ្នូ ២០២២។ នៅថ្ងៃទី៩ មករា ២០២៣ តាមសំណើររបស់លោកស្រី សៀង ចាន់ហេង សម្តេចតេជោបានប្រគល់ជូនលោក ជា សុផារា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។
សម្តេចតេជោបញ្ជាក់បន្ថែមថា៖ «ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់មុនពេលលោក ជា សុផារ៉ា ផ្តល់មតិមក សម្តេចតេជោសម្រេចលុបចោល ស.ជ.ណ លេខ១៨មយ ថ្ងៃទី៥ មករា ២០២៣ ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀត និងធ្វើក្រោយពេលលោក ជា សុផារ៉ា ផ្តល់មតិ»។
សូមជម្រាបជូនថា លិខិតរបស់ទីស្ដីការគណៈដ្ឋមន្រ្តី ដែលចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដោយលោក កែន សត្ថា បានបញ្ជាក់ថា លោកស្រី សៀង ចាន់ហេង បានប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនទ្រព្យរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ដោយផ្អែកលើលិខិតរបស់ក្រសួងមហាផ្ទៃ និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចុះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្រ្តី អះអាងថារាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ភាពស្របច្បាប់នៃឯកសារកាន់កាប់ដីធ្លីរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់។
បើតាមទីស្ដីគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍…ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្សពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់ ដោយមិនលើកលែង។
សូមបញ្ជាក់បន្តិចថា លោកស្រីឧកញ៉ា សៀង ចាន់ហេង ជាអគ្គនាយកក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ដែលវិនិយោគលើវិស័យអចលនទ្រព្យ ផ្នែកសិកម្មឧស្សាហ៍កម្ម គ្រឿងចក្រ សំណង់ រោងចក្រសហគ្រាស សាលារៀន កាសែត វិទ្យុនិងទស្សនាវដ្តីជាដើម៕