កាលពីពេលថ្មីៗនេះ បន្ទាប់ពីប្រកាសបន្ធូរបន្ថយវិធានការទប់ស្កាត់កូវីដ ១៩ រដ្ឋាភិបាលចិនកំពុងត្រៀមខ្លួនទទួលការបណ្ដាក់ទុនពីវិនិយោគិនបរទេសជាថ្មីម្ដងទៀត ក្រោយច្រកព្រំដែនបានបិទយ៉ាងជិតរយៈពេល ៣ ឆ្នាំ។
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំងរំពឹងថា ការបើកច្រកព្រំដែនអាចបង្កើនទំហំវិនិយោគនាឆ្នាំនេះ ចន្លោះពី ៣០ ដល់ ៥០% ដោយសារវិនិយោគិនបរទេស ងាយស្រួលក្នុងការធ្វើដំណើរមកកាន់មហាអំណាចសេដ្ឋកិច្ចទី ២ លើលោក។
តួយ៉ាង ក្រុមហ៊ុន AIMS Group of Companies ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី កំពុងត្រៀមខ្លួនបោះជំហានចូលទីផ្សារស្រុកចិនម្ដងទៀត ក្រោយពួកគេបង្ខំចិត្តបិទក្រុមហ៊ុន ៣ ក្នុងចំណោមក្រុមហ៊ុន ៥ ដែលធ្លាប់មានវត្តមាននៅចិន ដោយសារបញ្ហាជំងឺរាតត្បាតកន្លងទៅ។
ក្រៅពីនោះ ក៏នៅមានក្រុមហ៊ុនបរទេសច្រើនទៀតដែលកំពុងសិក្សា និងយល់ថា ការបើកទ្វារព្រំដែនសារនេះរបស់ចិន នឹងបង្កើនវិស័យរកស៊ី ក៏ដូចជាបង្កើនការវិនិយោគក្នុងស្រុកឲ្យកាន់តែធំធាត់ជាងមុនផងដែរ។
សូមជម្រាបដែរថា បើទោះជាមានក្រុមហ៊ុនជាច្រើនមានបំណងបណ្ដាក់ទុននៅចិនជាថ្មី ប៉ុន្តែបើមើលតាមស្ថានការណ៍បច្ចុប្បន្ន អាចនឹងមានផលវិបាកបន្តិចបន្តួច ដ្បិតពេលនេះប្រទេសចិនកំពុងមានការផ្ទុះកូវីដ ១៩ ឡើងវិញ ខណៈអត្រាឆ្លងក៏កើនឡើងរាប់លានករណីដូចគ្នា៕