ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមរយៈលទ្ធផលនៃការពិសោធន៍ស្រាវជ្រាវ កន្លងមករបស់សកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យឃើញថា ពូជដំឡូងបារាំង ដែលសមស្រប សម្រាប់ខេត្តមណ្ឌលគិរី មាន៣ពូជសំខាន់ៗ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមដូច្នេះថា« រដូវប្រមូលផល ដំឡូងបារាំង នៅខេត្តមណ្ឌលគីរី នាឆ្នាំ២០២០ នេះ ។ សូមបញ្ជាក់ថា៖ កន្លងមក សាកលវិទ្យាល័យភូមិន្ទកសិកម្មបាននាំយកពូជដំទ្បូងបារាំងផ្សេងៗ ពីប្រទេសមួយចំនួនដូចជា ប្រទេសអាល្លឺម៉ង់៤ពូជ ប្រទេសអៀកទ្បង់៤ពូជ ប្រទេសកូរ៉េ១៣ពូជ និងប្រទេសវៀតណាម២ពូជ ។ តាមរយៈ លទ្ធផលនៃការពិសោធន៍ស្រាវជ្រាវ កន្លងមក របស់សកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យឃើញថា ពូជដំឡូងបារាំង ដែលសមស្រប សម្រាប់ខេត្តមណ្ឌលគិរី មាន៣ពូជ ដូចខាងក្រោមៈ១. ពូជ Tornado នាំចូលពី ប្រទេសអៀកឡង់២. ពូជ Madeira និង ពូជ Coronada នាំចូលពី ប្រទេសអាល្លឺម៉ង់៣. ពូជ PO3 និង ពូជ PO7 នាំចូលពី ប្រទេសវៀតណាម»។
រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បានអះអាងថា ចំពោះទិន្នផលអាចទទួលបាននៃការដាំដុះប្រភេទពូជទាំង៣នេះអាចទទួលបានផលពី ១៣តោន ទៅ ២៥តោន ក្នុងមួយហិចតាឯណោះ។
ដោយទ្បែកពូជដទៃទៀត ឯកឧត្តម វេង សាខុន ក៏បានឲ្យដឹងដែរថា សាកលវិទ្យាល័យកំពុងធ្វើការតាមដាននៅទ្បើយ រង់ចាំពិនិត្យមើលលទ្ធផលនៅពេលក្រោយបន្តទៀត ទើបអាចធ្វើសេចក្តីសន្និដ្ឋាន ។
ជាមួយគ្នានោះរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបរាប់បន្ថែម អំពីរដូវកាលដាំដុះនៃពូជទាំង៣នេះដែរថា យើងបានពិនិត្យឃើញថា រដូវដែលអាចដាំដុះបានគឺនៅ ចន្លោះពីចុងខែកញ្ញា ដល់ សប្តាហ៍ទី២ នៃខែធ្នូ។ តែសមស្របបំផុត គឺចាប់ពី ពាក់កណ្តាលខែតុលា ដល់ ខែវិច្ឆិកា៕ អត្ថបទ៖ សិរីការ