ឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ព្រមទាំងសមាជិក សមាជិកា សូមផ្ញើសារអបអរសាទរ និងជូនពរអ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសជាប់ឆ្នោតម្តងទៀត ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ឧកញ៉ា ហេង បូរិន និងសហការីទាំងអស់ មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលអ្នកឧកញ៉ា ត្រូវបានសមាជិក សមាជិកាផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសសាជាថ្មីម្តងទៀត ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត។
ការផ្តល់សេចក្តីទុកចិត្តចំពោះ អ្នកឧកញ៉ា ពីសំណាក់សមាជិក សមាជិកា ដោយបានផ្តល់នូវសំឡេងឆ្នោត គាំទ្រច្រើនលើសលប់ តាមរយៈការបោះឆ្នោតជាសម្ងាត់ ដោយតម្លាភាព និងសុក្រឹត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ គឺពិតជាបានឆ្លុះបញ្ចាំងពីសមត្ថភាព ដឹកនាំប្រកបដោយប្រសិទ្ធភាព ភាពប៉ិនប្រសប់ ឈ្លាសវៃ មោះមុត និងក្រមសីលធម៌ខ្ពស់ ឈរលើទស្សនវិស័យវែងឆ្ងាយ ក្នុងអណត្តិកន្លងមក។
សូមជម្រាបជូនថា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ រៀបចំពិធីបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ សម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ទទួលបានការគាំទ្រដោយ ១៥លើ១៨សំឡេង។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ អស់រយៈពេល១២ឆ្នាំមកហើយ ហើយសម្រាប់អាណត្តិទី៥នេះ អ្នកឧកញ៉ានឹងដឹកនាំបន្តចំនួន៣ឆ្នាំទៀត៕