សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យផ្អាកការនាំត្រីចេញពីកម្ពុជាទៅលក់នៅក្រៅប្រទេស ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេស ខណៈដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
សម្តេចតេជោ បានបញ្ជាឱ្យអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារ មិនឱ្យមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនឱ្យនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយ នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេស។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេស ដើម្បីជួយផលិតមីជូនរាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងអាហារ និងបានត្រៀមរៀបចំឱ្យរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែង ច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនឱ្យធ្លាក់ទៅក្នុងការភ័យខ្លាច បាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ។
សម្តេច បានឲ្យដឹងលើទំព័រហ្វេសប៊ុកផ្លូវការទៀតថា កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ក៏បានបញ្ជាឲ្យផ្អាកមិនឱ្យនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាតឱ្យនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ដើម្បីត្រៀមស្បៀងផ្គត់ផ្គង់ប្រជាពលរដ្ឋ ខណៈកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩៕