គម្រោងធំៗ៣ របស់អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន BS Land & Home Co., Ltd និងក្រុមហ៊ុន East Land and Home Co., Ltd បានចូលក្នុងភូមិសាស្ត្រ «ក្រុងអរិយក្សត្រ» ដែលជាក្រុងទើបនឹងប្រកាសបង្កើតថ្មីៗ ដោយរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលពីមុនគម្រោងទាំងអស់នេះ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រុមហ៊ុន BS Land & Home ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លី សេងឃាង បានប្រារព្ធពិធីក្រុងពាលី បុកគ្រឹះ បើកការដ្ឋានថ្មី ក្នុងគម្រោងបុរីចតុមុខស៊ីធីទី១ ដែលមានទីតាំងក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីខែមេសា ឆ្នាំ២០១៦។ រហូតមកដល់បច្ចុប្បន្ននេះ អ្នកឧកញ៉ា លី សេងឃាង មានគម្រោងធំៗចំនួន៣ នៅឃុំស្វាយជ្រំ ដែលកាត់ចូលក្នុងក្រុងអរិយក្សត្រ ក្លាយជាសង្កាត់ស្វាយជ្រំ ដែលមានដូចជា៖
១. គម្រោង ខុនដូប្រណិត Chaktomuk Cityview Condominium មានចំនួនប្រហែល ៣២៣ យូនីត
២. គម្រោង បុរី ចតុមុខស៊ីធីទី១ (Borey Chaktomuk City l) មានប្រភេទផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល សរុបជាង ១០០០ ផ្ទះ/វីឡា
៣. គម្រោង បុរី ចតុមុខស៊ីធីទីពីរ (Borey Chaktomuk City lI) មានផ្ទះល្វែងអាជីវកម្ម វីឡាកូនកាត់ និងវីឡាទោល ប្រហែល ១៧០០ល្វែង/វីឡា
៤. បុរី East Land and Home មានផ្ទះល្វែង និងវីឡាកូនកាត់ ប្រហែល ២០០០ ល្វែង ព្រមទាំងដីឡូតិ៍ល្វែង និងដីឡូតិ៍វីឡា ប្រហែល ៥០០០ឡូតិ៍។
នេះបើយើងតាមប្រភពព័ត៌មានផ្លូវការណ៍ ដែលសារព័ត៌មាន Oknha News ទទួលបានពីក្រុមការងារផ្នែកលក់របស់ក្រុមហ៊ុន BS Land & Home អ្នកឧកញ៉ា លី សេងឃាង។
គួររំឭកថា កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ បង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់ឃុំចំនួន ០៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន ០៥ ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។ នេះមានន័យថា ក្រុងអរិយក្សត្រ មានសង្កាត់សរុបចំនួន ១១ ខណៈដែលទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ គឺស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ។
ស្របពេលជាមួយគ្នានេះដែរ ឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន BS Land & Home ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់ផ្ទះល្វែង វីឡា និងខុនដូ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣២៕