រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ទន្ទឹមគ្នានេះ កម្ពុជា បានដោះដូរទំនិញទៅកាន់ ២០ប្រទេសនេះច្រើនជាងគេ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ទៀតថា គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញក្នុងតម្លៃ ២២ ៤៨២ លានដុល្លារ កើនឡើង ១៦,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលតម្លៃ ១៩ ៣០៨ លានដុល្លារ។
ក្នុងនោះដែរ កម្ពុជាបាននាំចេញទំនិញទៅប្រទេសអាម៉េរិកច្រើនជាង ឈរនៅលំដាប់ថ្នាក់ទី១ ដោយសម្រេចបានជាងជិត ៩ពាន់លានដុល្លារ ខណៈប្រទេសវៀតណាមស្ថិតនៅលំដាប់ទី២ ដែលបានកម្ពុជាបាននាំចេញទំនិញក្នុងតម្លៃជាង ២ពាន់លានដុល្លារ និងលំដាប់ទី៣ បាននាំចេញទៅទីផ្សារប្រទេសចិនក្នុងតម្លៃជាង ១២៤០លានដុល្លារ។
គួរបញ្ជាក់ដែរថា នៅក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល ក៏បានបង្ហាញដែរថា កម្ពុជាបាននាំចូលទំនិញមកវិញក្នុងតម្លៃ ២៩ ៩៤១ លានដុល្លារ កើនឡើង ៤,៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិកើនឡើង ៥២ ៤២៤លានដុល្លារ កើនឡើង ៩,២%ផងដែរ។
ដោយឡែក ប្រទេសជាដៃគូដែលកម្ពុជាបាននាំទំនិញចូលនិងចេញនោះរួមមានដូចជា៖ ចិន, អាម៉េរិក, វៀតណាម, ថៃ, សិង្ហបុរី, ជប៉ុន, ស្វីស, អាល្លឺម៉ង់, កាណាដា, តៃវ៉ាន់ និងប្រទេសផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ ពិសី