ធនាគារពិភពលោក ព្រមានថាប្រទេសជាច្រើនអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២៣ នេះ

អន្តរជាតិ

ថ្មីៗនេះ ធនាគារពិភពលោក បានធ្វើការព្រមាននៅក្នុងរបាយការណ៍ចុងក្រោយមួយរបស់ខ្លួនថា​ប្រទេសជាច្រើន ជាពិសេសប្រទេសដែលកំពុងមានទីផ្សាររីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍ អាចប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ នៅឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានអះអាងទៀតថា​ វិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ អាចនឹងកើតឡើងដោយសារតែការដំឡើងការប្រាក់ដោយធនាគារកណ្តាលជាច្រើន គួបផ្សំជាមួយនឹងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងបន្ត ដែលសុទ្ធសឹងតែជាមូលហេតុចម្បង បណ្តាលឱ្យសេដ្ឋកិច្ចមានការដាំក្បាលចុះជាលំដាប់ ។

មិនតែប៉ុណ្ណោះ ធនាគារពិភពលោក បានធ្វើការព្យាករចុងក្រោយ អំពីកំណើនសេដ្ឋកិច្ចសកល កាលពីថ្ងៃអង្គារ ដោយបានបង្ហាញឱ្យដឹងថា កំណើន GDP ពិភពលោកអាចនឹងមានចំនួនត្រឹម ១,៧% នៅឆ្នាំ ២០២៣ នេះ ​ដែលជាកំណើនក្នុងល្បឿនយឺតបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

របាយការណ៍ពី ធនាគារពិភពលោក ក៏បានព្យាករទៀតផងដែរថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៤ ខាងមុខ អាចនឹងកើនឡើងដល់ ២,៧% ខណ:កាលពីឆ្នាំ ២០២១ កន្លងទៅធ្លាប់មានការប៉ាន់ប្រមាណនឹងមានកំណើន ២,៩% ។ មានការព្យាករទៀតថា សម្រាប់កំណើនមធ្យមនៅចន្លោះឆ្នាំ ២០២០-២៤ កំណើនសេដ្ឋកិច្ច នឹងស្ថិតនៅរង្វង់ត្រឹម ២% ប៉ុណ្ណោះ ដែលជាល្បឿនកំណើនយឺតបំផុត ក្នុងរយ:ពេល ៥ ឆ្នាំ។

ជាងនេះទៅទៀតថា ធនាគារពិភពលោក បាននិយាយថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសជឿនលឿន ដូចជាសហរដ្ឋអាមេរិក ចិន និងតំបន់ចាយប្រាក់អឺរ៉ូ សុទ្ធតែបានបង្ហាញពីការធ្លាក់ចុះធ្ងន់ធ្ងរនៃសេដ្ឋកិច្ចពិភពលោក។ នៅពេលដែលស្ថាប័នហិរញ្ញវត្ថុមួយនេះ បានបន្ទាបការព្យាកររបស់ខ្លួនមកត្រឹមតែ ០,៥% ប៉ុណ្ណោះ សម្រាប់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូ ។

ជាការឆ្លើយតបជុំវិញបញ្ហានេះ ធនាគារពិភពលោក បានអំពាវនាវឱ្យមានការបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីជួយប្រទេស ដែលមានប្រាក់ចំណូលទាប ក្នុងការដោះស្រាយជាមួយនឹងវិបត្តិស្បៀងអាហារ និងថាមពល រួមទាំងជួយដល់ប្រជាជនដែលផ្លាស់ទីលំនៅដោយសារសង្រ្គាម និងហានិភ័យកើនឡើងដោយសារវិបត្តិបំណុលផងដែរ ៕