នាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីឌ-១៩នៅប្រទេសកម្ពុជា ដែលឥណទាននេះជាលើកដំបូងហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការសម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័សក្នុងពេលមានការរាលដាលកូវីឌ-១៩។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “ហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះនឹងជួយដល់ប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ផ្នែកសុខាភិបាលទូទាំងសាកលលោកដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះគឺសម្រាប់កម្ពុជាយកទៅប្រើដើម្បីជាវការផ្គត់ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារៈពេទ្យចាំបាច់នានា ដើម្បីយកមកធ្វើតេស្តរករោគសញ្ញា និងព្យាបាលជំងឺកូវីឌ-១៩, កាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ, ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ, និងជួយធ្វើយ៉ាងណាឱ្យអ្នកជំងឺឆាប់ជាសះស្បើយនិងសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ”។
គម្រោងនេះ នឹងជួយកម្ពុជាឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញនៅក្នុងផែនការមេកូវីឌ-១៩ របស់ខ្លួន ក្នុងនោះរួមមាន ការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ ការរកឃើញជំងឺឱ្យបានរហ័ស ការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺ។ គម្រោងនេះនឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។ លើសពីនេះ គម្រោងក៏នឹងជួយទៅលើការចំណាយក្នុងការជាវការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាលនៃការឆ្លងមេរោគ។ ជាមួយគ្នានេះ គម្រោងនឹងជួយផងដែរដល់វិធានការដាក់ពង្រាយឱ្យបានរហ័សនូវក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួលនិងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម ពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំត្រៀមលក្ខណៈនិងឆ្លើយតបជំងឺកូវីឌ-១៩ទូទាំងប្រទេស និងបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្តទៀត។
គម្រោងឆ្លើយបតបន្ទាន់ទៅនឹងជំងឺកូវីឌ-១៩នេះ បំពេញបន្ថែមដល់ការងារអភិវឌ្ឍន៍វែងឆ្ងាយមួយដែលធនាគារពិភពលោកកំពុងជួយជ្រោមជ្រែងនៅក្នុងវិស័យសុខាភិបាល ក្នុងនោះមាន គម្រោងលើកកម្ពស់សមធម៌និងគុណភាពសុខាភិបាល (H-EQIP) ដែលសំដៅបង្កើនលទ្ធភាពរបស់ពលរដ្ឋក្រីក្រជាងគេនៅកម្ពុជាឱ្យទទួលបានសេវាសុខាភិបាលមានគុណភាព។ កាលពីសប្តាហ៍កន្លងទៅ ថវិកា១៤លានដុល្លារអាមេរិករបស់គម្រោង H-EQIP នេះ ត្រូវបានផ្តល់តាមរយៈ សមាសភាគបម្រុងសម្រាប់ការឆ្លើយតបបន្ទាន់ (CERC) នៅក្នុងគម្រោង សម្រាប់យកទៅប្រើក្នុងការទិញរថយន្តសង្គ្រោះនិងគ្រឿងបរិក្ខារពេទ្យ និងដើម្បីរៀបចំមន្ទីរពិសោធន៍ជាតិឱ្យមានសមត្ថភាពឆ្លើយតបបានរហ័សទៅនឹងការរាលដាលនៃជំងឺកូវីឌ-១៩។ សមាសភាគ CERC នៅក្នុងគម្រោង អនុញ្ញាតឱ្យបង្វែរមូលនិធិពីផ្នែកនានានៃគម្រោង H-EQIP នេះ ដើម្បីយកទៅបំពេញភាពចាំបាច់សម្រាប់ធ្វើការឆ្លើយតបជាបន្ទាន់ ដែលអាចកើតមានឡើង។
ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នេះ ធនាគារពិភពលោកកំពុងតែអនុវត្តកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន១៤ប៊ីលានដុល្លារអាមេរិក តាមយន្តការបញ្ចេញរហ័សសម្រាប់ពង្រឹងការឆ្លើយតបទៅនឹងការរាតត្បាតរបស់កូវីឌ-១៩ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ និងជួយធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចឆាប់ស្តារងើបឡើងវិញ។ វិធានការឆ្លើយតបភ្លាមៗរួមមាន ជំនួយហិរញ្ញវត្ថុ ការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដល់បណ្តាប្រទេសឱ្យមានលទ្ធភាពលៃលកជាមួយផលប៉ះទង្គិចរបស់ការរាត្បាតនេះ ទៅលើសេដ្ឋកិច្ច និងសុខាភិបាល។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងផ្តល់ហិរញ្ញប្បទានចំនួន៨ប៊ីលានដុល្លារអាមេរិក សម្រាប់ជួយដល់បណ្តាក្រុមហ៊ុនដែលរងការប៉ះទង្គិចពីវីរុសនេះ និងដើម្បីឱ្យគេអាចរក្សាការងារបានផង។
ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍ (IBRD) និងសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) កំពុងតែដាក់ចេញកញ្ចប់ថវិកា៦ប៊ីលានដុល្លារអាមេរិកសម្រាប់វិធានការឆ្លើយតបផ្នែកសុខាភិបាល។ ដោយសារតម្រូវការជំនួយនៅតាមប្រទេសមានវិសាលភាពទូលំទូលាយ ក្រុមធនាគារពិភពលោកត្រៀមខ្លួននឹងដាក់ចេញកញ្ចប់ហិរញ្ញវត្ថុរហូតដល់ទៅ១៦០ប៊ីលានដុល្លារ សម្រាប់រយៈពេល១៥ខែ ដើម្បីការពារជនក្រីក្រ និងជនងាយរងគ្រោះ ជួយជ្រោមជ្រែងដល់ធុរកិច្ច និងជួយជំរុញសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញនាពេលខាងមុខ៕