សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីបំណងដែលចង់ក្លាយជាទីប្រឹក្សារបស់សមាគមអ្នកនិពន្ធខ្មែរ និងទីប្រឹក្សាផ្នែកផលិតភាពយន្តបែបប្រវត្តិសាស្រ្ត ដើម្បីចូលរួមចំណែកជួយតម្រង់ទិសដល់វិស័យការតែងនិពន្ធឬផលិតភាពយន្តបែបប្រវត្តិសាស្ត្ររបស់កម្ពុជា។
នៅក្នុងជំនួបជាមួយនឹងក្រុមការងារផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ស្ថិតនៅទីក្រុងតាខ្មៅ ខេត្តកណ្ដាល មានប្រសាសន៍ថា ពេលសម្តេចធ្វើជាទីប្រឹក្សា គឺសម្តេចជួយដល់ការនិពន្ធនិងផលិតភាពយន្តបែបប្រវត្តិសាស្ត្រកម្ពុជា ចាប់តាំងពីរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ដោយសេនាប្រមុខ លន់ នល់ ក្នុងឆ្នាំ១៩៧០ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៩ ដែលកម្ពុជាបានបញ្ចប់ សង្រ្គាមទាំងស្រុងតាមនយោបាយឈ្នះ ឈ្នះ។
ទាក់ទងនឹងបំណងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រកាសពីបំណងចង់ក្លាយជាទីប្រឹក្សាសមាគមអ្នកនិពន្ធខ្មែរ និងផ្នែកផលិតភាពយន្តបែបប្រវត្តិសាស្រ្តនេះដែរ អតីតអ្នកកាសែតចាស់វស្សា និងជាអ្នកនិពន្ធសៀវភៅពីសម្តេចតេជោ ហ៊ុន សែន ម្នាក់បានបង្ហាញការគាំទ្រពេញទំហឹងទាំងស្រុងចំពោះសម្តេចនាយករដ្ឋមន្ត្រីមានបំណងក្លាយខ្លួនជាទីប្រឹក្សាសមាគមអ្នកនិពន្ធខ្មែរនិងទីប្រឹក្សាផ្នែកផលិតភាពយន្តបែបប្រវត្តិសាស្រ្ត។
លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ដោយយោងលើបទពិសោធសម្តេចនាយករដ្ឋមន្ត្រីលើការតែងនិពន្ធទាំងបទចម្រៀង និងល្ខោនវិទ្យុ ជាពិសេសការនិពន្ធរឿងកូនប្រុសកើតក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។ សម្តេចនាយករដ្ឋមន្រ្តីថែមទាំងមានបទពិសោធយ៉ាងច្រើនខាងស្រាវជ្រាវ ចងក្រង និងតែងនិពន្ធ ដែលបច្ចុប្បន្នសម្តេចមានទីប្រឹក្សាសំខាន់ៗផ្នែកសិល្ប:ផងដែរ។ ដូច្នេះសម្តេចនឹងជំរុញឱ្យមានការតែងនិពន្ធ ប្រកបដោយប្រសិទ្ធភាព និងឥទ្ធិពលទាំងបែបប្រវត្តិសាស្រ្តនិងកម្សាន្តទូទៅ។
បើតាមលោក ពៅ សុខ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិពន្ធ និងដឹកនាំក្រុមសិល្បៈសម្តែងជូនមហាជនទស្សនាកម្សាន្ត សូម្បីសៀវភៅប្រវត្តិសាស្ត្រនៅសម័យតស៊ូនៃសង្រ្គាម៥ឆ្នាំ (១៩៧០ដល់១៩៧៥ ) ក៏សម្តេចបាននិពន្ធឡើងផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេដឹងថា សម្តេចបានឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនជំនាន់មកហើយ។ ក្នុងនោះរាប់ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមពីឆ្នាំ១៩៥៥ ហើយក៏ជាសាក្សីរស់ដ៏សំខាន់បំផុតក្នុងដំណើរការសង្គ្រាមនិងការចរចាសន្តិភាពរបស់កម្ពុជារហូតដល់កម្ពុជាបានទទួលឯករាជ្យ អធិបតេយ្យ និងមានការរួបរួមក្រោមរដ្ឋាភិបាលតែមួយដូចសព្វថ្ងៃ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំកម្ពុជាដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ ឆ្នាំ ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន៕