រាប់ចាប់តាំង​បើកយុទ្ធនាការ គយប្រមូលចំណូលបានជាង ១០៦លានដុល្លារពីរថយន្តគ្មានពន្ធទាំងចង្កូតឆ្វេង និងចង្កូតស្តាំ

សង្គម​ និង​សេដ្ឋកិច្ច

ចាប់តាំងព​ីបើកយុទ្ធនាការប្រមូលចំណូលពីរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធបានជាង ១០៦លានដុល្លារ ដែលមានចំនួនជិត ២ម៉ឺនគ្រឿង​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា មានរថយន្តទាំងចង្កូតស្តាំ និងឆ្វេង ចំនួន ២០០៤៩គ្រឿង បានមកបង់ពន្ធ​ កក់ប្រាក់ និងចុះបញ្ជី តែក្នុងនោះមានតែរថយន្តចំនួន១៨ ៤១៤គ្រឿងទេ ដែលបានបង់ពន្ធតាមនិតិវិធីច្បាប់ ​ដោយទទួលបានប្រាក់ពន្ធអាករចំនួន១០៦លានដុល្លារ និងនៅសល់ជិត២ពាន់គ្រឿង​ទៀតដែលមិនបានមកបង់ពន្ធតាមនិតិវិធី។

លោក គុណ ញឹម

ទាក់ទងនឹងរថយន្តដែលនៅសល់មិនមកបំពេញកាតព្វកិច្ច លោកគូសបញ្ជាក់ថា អាចមកពីម្ចាស់រថយន្តនៅមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តមកបង់ ដោយសារជាប្រភេទរថយន្តស៊េរីចាស់ៗ ហើយរថយន្តខ្លះត្រូវបានបុកបណ្តាលឱ្យខូច ហើយរថយន្តខ្លះទៀតបានដោះជាគ្រឿងបន្លាស់ និងមួយចំនួនត្រូវបានលក់បន្តទៅឱ្យអ្នកផ្សេងបន្តជាដើម។

យ៉ាងណា ចំពោះលទ្ធផលនេះដែរ លោក គុណ ញឹម បានវាយតម្លៃយុទ្ធនាការប្រមូលពន្ធពីរថយន្តដែលគ្មានពន្ធទាំងពីរដំណាក់កាលនេះ ជាជោគជ័យមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានប្រមូលចំណូលចូលរដ្ឋ ពោលគឺយុទ្ធនាការនេះ​ ចំណេញទាំងអស់គ្នា ដោយរដ្ឋទទួលបានចំណូល ចំណែកអ្នកកាន់កាប់រថយន្តខុសច្បាប់ ទទួលបាននូវការប្រើប្រាស់រថយន្តដែលស្របច្បាប់វិញ៕