កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ទៅកាន់គ្រួសារ ហ្គាឡាក់ស៊ីណាវ៉ាត្រា ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣​នេះ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ​​បាន​ប្រកាស​​​ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ ហ្គាឡាក់ស៊ីណាវ៉ាត្រា (GALAXY NAVATRA)​ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាផ្លូវការ​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​នឹង​​ការ​មក​ដល់​របស់ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ផលិតកម្ម​ ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏​បាន​រៀប​ចំ​ពិធី​​ទទួល​ស្វាគមន៍​ ដែល​លោក​​ឧកញ៉ា នឹង​ក្លាយ​ជា​សមាជិក​ថ្មី​របស់​ផលិត​កម្ម នៅភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ផង​ដែរ។ ​

លោក​ឧកញ៉ា​ ខេមរៈ សិរីមន្ត ​​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​​ហ្វេសប៊ុក​របស់​ខ្លួន​ នៅ​ល្ងាច​នេះ​យ៉ាង​ដូច្នេះ​ថា៖ “បងប្អូនដែលគាំទ្រ​ខ្ញុំ​បាទ​ទាំងអស់គ្នា បន្តិចទៀតនេះខ្ញុំនឹងក្លាយជាសមាជិកគ្រួសារ GALAXY NAVATRA​ ហើយ​បទចម្រៀងថ្មី​របស់​ខ្ញុំក៏នឹងចេញនៅពេលខាងមុខនេះដែរ ក្នុង Chanel Galaxy។ សូមបងប្អូនរង់ចាំតាម​ដានទាំង​អស់គ្នាណាបាទ”។

តារាចម្រៀង ខេមរៈ សិរីមន្ត ​​​បាន​ក្លាយ​ជា​កំពូល​តារា​ចម្រៀង​ ដែល​មាន​គោរមងារ «ឧកញ៉ា» ទី​ពីរ​ហើយ ដែល​បាន​មក​ចូល​រួម​ជាមួយ​ផលិត​កម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ​​បន្ទាប់ពី​កំពូលតារាចម្រៀង ឧកញ៉ា​ ព្រាប​ សុវត្ថិ ដែល​បាន​មក​ចូល​រួម​ទ្រនំ​ថ្មី​មួយ​​នេះ​ដែរ កាល​ពី​​ចុង​ខែ​សីហា ឆ្នាំ២០២០។

សូម​ជម្រាប​ជូន​ថា កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត ​ត្រូវ​បាន​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” ​​​កាល​ពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២២។ ឧកញ៉ា ខេមរៈ សិរីមន្ត ទទួល​បាន​ភាព​​ជោគជ័យ​លើ​ការងារ​សិល្បៈ​​ រយៈពេល​ជិត​២​ទសវត្ស​​មក​ហើយ​​ តាំង​ពី​លោក​ចេញ​បទ​ដំបូងៗ​ដូចជា​បទ “ព្រលឹតបាតបឹង” និងបទ​ “អន្ទងស្នេហ៍” ជាដើម ប៉ុន្តែ​​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​លោក​ក៏បាន​ងាក​មក​ចាប់​ជំនួញ​ថ្មី​មួយទៀត​ គឺ​លើ​វិស័យ​អចលន​ទ្រព្យ ដោយបាន​ធ្វើការ​អភិវឌ្ឍន៍​ជា​ផ្ទះ​និង​ដី​ឡូ​តិ៍​នៅ​តំបន់​មួយចំនួន ​ជាពិសេស​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និងខេត្តសៀមរាប ដែល​ធ្វើ​ឱ្យ​​លោក​ឃ្លាត​ឆ្ងាយ​ពី​ការងារ​សិល្បៈ​មួយ​រយៈ៕