សម្តេច ហ៊ុន សែន៖ វេទិការវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន គួរត្រូវបន្តរក្សាទុកសម្រាប់អ្នកបន្តវេន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប្រមាណជិត ៥០០០នាក់ នៅសាលពិព័ណ៌កោះពេជ្រ នារសៀលថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន មានប្រសាសន៍ ថា វេទិការវាងថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានគួរតែត្រូវរក្សាទុកសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។ សម្តេចបន្តថាវេទិកាបែបនេះវាជាផល ប្រយោជន៍សម្រាប់ទាំងអស់គ្នាដើម្បីកសាងប្រទេសជាតិរបស់យើងឲ្យរីកចម្រើនធំធាត់ទៅមុខទៀត។

សម្ដេចតេជោ បានគូសបញ្ជាក់ថា សម្តេចក៏បានតាមដានតាមរយៈអនឡាញនានា តេឡេក្រាម ដែលបានលើកឡើងពីបញ្ហានានាដែលក្នុងមូលដ្ឋាន ហើយសម្តេចបានឃើញ និងត្រូវបានបញ្ជូន នូវព័ត៌មានដែលជាបញ្ហាប្រឈមទាំងនោះជូនទៅអភិបាលខេត្ត ឬប្រធានស្ថាប័ននានាដើម្បីទទួលនៅក្នុងការដោះស្រាយភ្លាមៗ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការកោតសរសើរដល់អ្នកសារព័ត៌មានដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយព័ត៌មាននានារបស់រាជរដ្ឋាភិបាលជូនទៅដល់ប្រជាជនកម្ពុជា ជាក់ស្ដែងដូចជាជំងឺកូវីដ១៩ កន្លងទៅអ្នកសារព័ត៌មាន ក៏បានផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីវិធានការនានាក្នុងការការពារខ្លួន៕