ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារ«ឧកញ៉ា» ជូនដល់លោក កែវ សម្បត្តិ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៦៧ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៣។ ការប្រទានគោរមងារឧកញ៉ា ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក កែវ សម្បត្តិ ជាពាណិជ្ជករក្នុងវិស័យអចលនទ្រព្យ និងគ្រឿងអលង្កា ជាម្ចាស់ហាងលក់មាសពេជ្រ ហង្សមាស ដ៏ល្បីល្បាញកណ្តាលទីក្រុងភ្នំពេញ ដែលមានលោកស្រី ឈាង វី ជាភរិយាក្នុងការដឹកនាំ កាចចង្កូតដោយផ្ទាល់លើមុខជំនួញអលង្កានេះ។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាល ស្នើសុំទៅព្រះមហាក្សត្រ ប្រទានគោរមងារឧកញ៉ា អ្នកឧកញ៉ា ជូនដល់ពាណិជ្ជករ សប្បុរសជនចំនួនប្រមាណ ១០រូបហើយនៅត្រឹមដើមខែមករា ឆ្នាំ២០២៣នេះ។ ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» សប្បុរសជនត្រូវធ្វើអំណោយជូនរដ្ឋដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ការសម្រេចនេះ ធ្វើឡើងតាមរយៈអនុក្រឹត្យមួយ ចុះថ្ងៃទី២០មីនា ឆ្នាំ២០១៧។
គួរកត់សម្គាល់ថា តាំងពីជាង២០ឆ្នាំមុន ពោលគឺចាប់តាំងពីឆ្នាំ១៩៩៤មក ដើម្បីបានទទួលគោរមងារជា ឧកញ៉ា សប្បុរសជនតម្រូវឲ្យធ្វើអំណោយជូនរដ្ឋត្រឹមតែ១០ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ៕