បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យពង្រឹងវិស័យកសិកម្មដែលជាមុខព្រួញសំខាន់នោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្ដម វេង សាខុន បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការដាំដំណាំកសិកម្មក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ខណៈពេលមានការបិទការនាំចូលដោយសារជំងឺកូវីដ-១៩។
ការណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្មនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញការផលិតក្នុងស្រុករួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះ បង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងការចុះមកពិនិត្យសកម្មភាពជាក់ស្តែង និងវឌ្ឍនភាពនៃគម្រោងស្តីពី “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE” នៅស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម វេង សាខុន បានជំរុញដល់អង្គភាពអនុវត្តន៍ និងអ្នកទទួលផលពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដើម្បីក្រសោបយកឱកាសមាសនេះ មកកាន់ក្នុងដៃឱ្យបានដោយត្រូវបង្កើនការផលិតទាំងបរិមាណ និងគុណភាព ធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ឯកឧត្ដមបានណែនាំដល់អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ត្រូវចូលរួមសហការឱ្យបានពេញលេញជាមួយមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល និងឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងក្នុងទិសដៅចម្បងគឺបង្កើនការផលិតក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ក្នុងខណ:ដែលកម្ពុជា បិទការនាំចូលកសិផលពីខាងក្រៅ។
ជាមួយគ្នានេះ ដើម្បីឱ្យការអនុវត្តគម្រោងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឱ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាពធ្វើយ៉ាងណាឱ្យការអនុវត្តកម្មវិធីបានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទាន ប្រកបដោយតម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមបានក្រើនរម្លឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពដោយ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលតាមរយ: ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទាន សម្រាប់អនុវត្តន៍កម្មវិធីខាងលើទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ បើតាមឯកឧត្តម វេង សាខុន ជំនួយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មដោយផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព តាមរយៈការ បង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ បណ្តុំអាជីវកម្ម និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈនៃគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕