អ្នកឧកញ៉ា ឧកញ៉ារូបណាខ្លះអមដំណើរសម្តេច ហ៊ុន សែន ទៅប្រទេសកោះម៉ាល់ឌីវ

ជុំវិញ​ឧកញ៉ា

សម្តេចតេជោនាយករដ្ឋ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអមដំណើរទៅកាន់កោះម៉ាល់ឌីវរបស់សម្តេចតេជោ មានរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន  លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC ។

ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ក៏បានដឹកនាំអនុប្រធានសភាពាណិជ្ជកម្ម អមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសកោះម៉ាល់ឌីវ ក្នុងនោះដូចជា ឧកញ៉ា អាន ម៉ាឌី ឧកញ៉ា លឹម ហេង អ្នកឧកញ៉ា លី ឃុនថៃ អ្នកឧកញ៉ា ហេង សិទ្ធី ឧកញ៉ា ទុយ គី ឧកញ៉ា សុខ ស្រស់ ឧកញ៉ា លឹម សុជាតិ ឧកញ៉ា តែ អ៉ីឆែ ឧកញ៉ា នួន ឫទ្ធី សមាជិកសភាពាណិជ្ជកម្ម ព្រមទាំងលោកស្រី នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់នៃសភាពាណិជ្ជកម្ម ផងដែរ។ នេះបើតាមលិខិតចំនួន ៣ទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងឪកាសបំបេញទស្សនកិច្ចនោះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបពិភាក្សាផ្លូវការជាមួយប្រធានាធិបតី អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។

សូមជម្រាបថា ម៉ាល់ឌីវ គឺជាប្រទេសប្រជុំកោះ ដែលមានទីតាំងនៅអាស៊ីខាងត្បូង ភាគនីរតីនៃប្រទេសស្រីលង្កា និងឥណ្ឌា។ កោះមួយនេះត្រូវបានមនុស្សភាគច្រើនចាត់ទុកថាជាកន្លែងសម្រាប់ក្រុមអ្នកមានៗ ទៅលេងកំសាន្ត​។ ប្រទេសកោះម៉ាល់ឌីវ មានពលរដ្ឋជាង៤០ម៉ឺននាក់ ។

គួររម្លឹកថា ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាល់ឌីវ នៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ ៣៨% ធៀបទៅនឹងឆ្នាំ២០២០៕