Tencent ប្រកាសបណ្ដេញបុគ្គលិករាប់រយនាក់ ដោយសារពាក់ព័ន្ធករណីពុករលួយ

អន្តរជាតិ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាតយក្ស​ប្រចាំ​ប្រទេសចិន Tencent បាន​ប្រកាស​កាលពី​ថ្ងៃច័ន្ទ​ថា ពួកគេ​បាន​បណ្ដេញ​បុគ្គលិក​ច្រើនជាង ១០០ នាក់​ បន្ទាប់​ពី​រក​ឃើញ​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ពុក​រលួយ និង​ស៊ីសំណូកសូកប៉ាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហាញថា តាំងពី​រដ្ឋាភិបាល​ចុះ​បង្ក្រាប​វិស័យ​បច្ចេកវិទ្យា​ក្នុងស្រុក គេ​រកឃើញ​ថា​មាន​ករណី​ពុក​រលួយ​ជាច្រើន​នៅក្នុង​វិស័យ​មួយនេះ ហើយ​វា​ក៏​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​រក​ស៊ី​លើ​វិស័យ​បច្ចេកវិទ្យា​ជាច្រើន​ បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ផងដែរ។

តួយ៉ាង Tencent ធ្លាប់​ប្រកាស​ម្ដងដែរ​កាលពី​ខែវិច្ឆិកា​ថា ប្រាក់ចំណូល​ប្រចាំត្រីមាស​របស់​ពួកគេ​បាន​បន្ត​ដាំក្បាលចុះ ២ ត្រីមាស​ជាប់ៗគ្នា ហើយ​ក៏​បាន​បន្ត​រក​ឃើញ​បុគ្គលិក​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ច្រើនជាង ១០០ នាក់ ដែល​នេះ​ក៏​ល្មើស​នឹង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​របស់​ក្រុមហ៊ុន​ផងដែរ។

សូមជម្រាបដែរថា Tencent ទទួល​រង​ការ​ខាតបង់ជាច្រើន​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល ហើយក្នុង​នោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាតតូចជាច្រើន​បាន​តវ៉ា នឹង​រដ្ឋាភិបាល ដោយអះអាងថា ផលិតផល​របស់​ពួកគេ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ឡើយ៕