បើតាមសមាគមឧស្សាហកម្មយានយន្តឥណ្ឌូនេស៊ី (Gaikindo) ថ្មីៗនេះ បានធ្វើការប្រកាសថា រថយន្តសរុបដែលនាំចេញពីរោងចក្រ ទៅកាន់ក្រុមហ៊ុនចែកចាយ (លក់ដុំ) នៅក្នុងប្រទេស កាលពីឆ្នាំ ២០២២ បានកើនឡើងដល់ ១ ០៤៨ ០៤០ គ្រឿង ពោលគឺបានកើនឡើងដល់ ១៨,១% ធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ៨៨៧ ២០២ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
ដោយឡែក សម្រាប់ទីផ្សារលក់រាយវិញ (រថយន្តដែលផ្តល់ជូនពីអ្នកចែកចាយ ទៅកាន់អ្នកប្រើប្រាស់ផ្ទាល់) មានចំនួនលក់សរុបចំនួន ១ ០១៣ ៥៨២ គ្រឿង កើនឡើង ១៧,៤% បើធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួនលក់សរុប ៨៦៣ ៣៤៨ គ្រឿង។
តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលទាំងការលក់ដុំ និងរាយ នៅក្នុងឆ្នាំ ២០២២ នៅតែមានកម្រិតតិចជាងឆ្នាំ ២០១៩ ដែលចំនួននៃការលក់បានឈានដល់ ១ ០៣០ ១២៦ គ្រឿង សម្រាប់ការលក់ដុំ និង ១ ០៤២ ៩៩៤ គ្រឿង សម្រាប់ការលក់រាយ។ នេះបើតាមទិន្នន័យដែលទទួលបានពីទស្សនាវដ្តីឥណ្ឌូនេស៊ី Tempo ។
លើសពីនេះ ប្រធាន Gaikindo លោក Jongkie Sugiarto បាននិយាយថា ការលក់រថយន្តនៅឆ្នាំ ២០២៣ នេះ ត្រូវបានគេរំពឹងថានឹងដំណើរការល្អដូចឆ្នាំមុនដែរ ដោយសារសេដ្ឋកិច្ចរបស់ប្រទេស នៅឆ្នាំនេះទទួលបានកំណើនល្អផងដែរ ។
ទន្ទឹមនឹងនេះ ការផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២២ បានកើនឡើងដល់ ១ ៤៧០ ១៤៦ គ្រឿង ខណ:ចំនួននេះបានកើនឡើងយ៉ាងខ្លាំង ដល់ ៣១% ពីឆ្នាំ ២០២១ ដែលមានចំនួនត្រឹមតែ ១ ១២១ ៩៦៧ គ្រឿងប៉ុណ្ណោះ ៕