នាយករដ្ឋមន្ត្រីជប៉ុនទម្លាយថា អាស៊ីបូព៌ាអាចនឹងក្លាយជាអ៊ុយក្រែនទី ២

អន្តរជាតិ

សង្គ្រាមនៅប្រទេសអ៊ុយក្រែន បានបង្កផលប៉ះពាល់ជាខ្លាំងដល់​សេដ្ឋកិច្ចពិភពលោក ហើយ​សង្គ្រាម​រ៉ាំរ៉ៃ​មួយ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​មាន​ការ​ព្រួយបារម្ភ​ អំពី​លទ្ធភាព​នៃ​ការ​ក្លាយជា​សង្គ្រាម​លោក​ទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ លោក Fumio Kishida នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្លែង​ឲ្យដឹងថា អាស៊ីបូព៌ា​អាច​នឹង​ជួប​បញ្ហា​សង្គ្រាម​ដូច​នៅ​អ៊ុយក្រែន​ដែរ ហើយលោក​ក៏​បាន​ទទូច​សុំ​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិកសុំ​ឲ្យ​មានរណសិរ្សរួបរួមមួយ ចំពោះ​ការប្រឆាំង​នឹង​ចិន និងកូរ៉េខាងជើង។ នេះបើតាម​ការចុះផ្សាយពី VOA។

“​អាស៊ីបូព៌ា​អាចនឹងក្លាយជា​ប្រទេសអ៊ុយក្រែននៅថ្ងៃស្អែក ហើយ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ជុំវិញ​ជប៉ុន ក៏​កំពុង​បង្ហាញ​សញ្ញាព្រួយ​បារម្ភ​ដូចជា ការព្យាយាម​ផ្លាស់ប្ដូរ​ស្ថានភាព​ឯកតោភាគី ដោយ​កងកម្លាំងនៅ​សមុទ្រចិនខាងកើត និងខាងត្បូង និង​សកម្មភាព​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើងជាដើម”។ នេះ​បើតាម​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ។

បន្ថែមពីនោះ លោក​ក៏​បាន​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ចិន ដែល​ព្យាយាម​បង្កើតជម្លោះ​ជាមួយ​ជប៉ុន ហ្វីលីពីន និងវៀតណាម នៅ​តំបន់ដែនទឹក​ជាព្រំប្រទល់​នៃ​ប្រទេស​ទាំងនេះទៀតផង៕