ឧកញ៉ា ហេង សំណាង បានបន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ សម្រាប់អាណត្តិទី២ លើកទី២ ជាបន្តទៀត ដោយទទួលបានសម្លេងគាំទ្រ ១៥លើ១៥ ស្មើនឹង ១០០% ក្នុងការបោះឆ្នោត ដែលធ្វើឡើងនៅសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោកឧកញ៉ា កាន់តួនាទីនេះអស់រយៈពេល ៣អាណត្តិកន្លងមក។
ពិធីការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាណត្តិទី២ លើកទី២ បានប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត, លោក ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រីប្រធានមន្ទី អង្គភាពពាក់ព័ន្ធក្នុងខេត្ត ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ០៨រូប និងអាជីវករចុះឈ្មោះអ្នកបោះឆ្នោតចំនួនន ៧០៤រូប។
ជាលទ្ធផល មានអ្នកអញ្ជើញមកចូលរួមបោះឆ្នោតសរុបចំនួន ៥៣៤ នាក់ ដែលស្មើរនឹង ៧៥.៨៥%។ ជាមួយគ្នានោះ គណៈកម្មការៀបចំការបោះឆ្នោតជ្រើសរើសបានសមាជិកជ្រើសតាំងចំនួន ៧រូប ដើម្បីបំពេញបន្ថែមសមាជិកចាស់ ដែលនៅក្នុងអាណត្តិចំនួន៨រូប បង្គ្រប់ចំនួន១៥រូប។ យ៉ាងណាមិញ ដោយមើលឃើញនូវការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ ឧកញ៉ា ហេង សំណាង ក្នុងបីអាណត្តិកន្លងមក ឧកញ៉ាត្រូវបានសមាជិក សមាជិកាបោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ សម្រាប់អាណត្តិទី២ លើកទី២នេះ ជាបន្តទៀតដោយសម្លេងគាំទ្រ ១៥លើ ១៥សម្លេង ស្មើ១០០%។
សូមជម្រាបជូនថា លោកឧកញ៉ា ហេង សំណាង បច្ចុប្បន្នជាប្រធានក្រុមហ៊ុន វិស្វកម្ម សំណាង ខនស្រ្តាក់សិន ដែលមានទីស្នាក់ការកណ្តាលនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយលោកឧកញ៉ា ក៏ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ផងដែរ៕