ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ បានចាត់ទុកប្រទេសទាំងពីរ គឺជាមិត្តជិតស្និទ្ធ និងជាដៃគូដ៏សំខាន់នៅក្នុងតំបន់។ទន្ទឹមគ្នានេះ ភាគីទាំងពីរ បានប្តេជ្ញាជម្រុញដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាក់ស្តែងសំខាន់ចំនួន៥ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។នេះបើតាមសេក្តីថ្លែងការណ៍រួម រវាងប្រទេសទាំងពីរ ដែលចេញផ្សាយកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
តាមរយៈខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរ បានបង្ហាញការប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាក់ស្តែងសំខាន់ចំនួន៥រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។
ទន្ទឹមគ្នានេះ ប្រធានាធិបតីប្រទេសម៉ាល់ឌីវ លោក សូលី បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការតែងតាំងឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ឱ្យទទួលបន្ទុកជាឯកអគ្គរាជទូតប្រចាំម៉ាល់ឌីវ។ លោក ក៏បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍភាពជាដៃគូរឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកទាំងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ ក្នុងគោលបំណងនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិទាំងពីរ និងពិភពលោក។
ជាមួយគ្នានោះដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចាត់ទុកប្រទេសម៉ាល់ឌីវ ជាមិត្តជិតស្និទ្ធ និងជាដៃគូដ៏សំខាន់របស់កម្ពុជា នៅក្នុងតំបន់។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជ្រើសរើសផ្លូវមួយខ្សែ នៅទីក្រុងមាត់សមុទ្រ និងដាក់ឈ្មោះជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដើម្បីបើកទំព័រថ្មីនៃការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធ។
គួរបញ្ជាក់ដែរថា តាមរយៈសេចក្តីថ្លែងការណ៍រួមខាងលើ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការពិគ្រោះយោបល់កម្រិតខ្ពស់ជាទៀងទាត់ ដែលនឹងលើកកម្ពស់វិធី និងមធ្យោបាយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យដែលមានសក្តានុពល សម្រាប់ផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូង រវាងក្រសួងការបរទេសរបស់ប្រទេសទាំងពីរ ឱ្យបានឆាប់ថែមទៀត៕ អត្ថបទ៖ ពិសី