ក្នុងសង្គមខ្មែរ អ្នកលក់ដូរ ឬពាណិជ្ជករ ទាំងតូច ទាំងធំ ភាគច្រើន ជាជនជាតិភាគតិចចិន ឯជនជាតិខ្មែរវិញចូលចិត្តប្រកបរបរកសិកម្ម និងធ្វើការងាររាជការ។ បើទោះបីជាក្រោយមក មានជនជាតិខ្មែរខ្លះ បានប្រកបរបស់ជួញដូរដូចជនជាតិភាគតិចចិនក៏ដោយ ក៏គេនៅតែហៅខ្មែរទាំងនោះថាចិនដែរ។ នេះជាគូសបញ្ជាក់ពីលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងបទវិចារណកថាក្រោមចំណងជើង «ឥទ្ធិពលជនជាតិចិននៅកម្ពុជា» ដែលបានចេញផ្សាយនាពេលកន្លងទៅ។
លោកបណ្ឌិត ឈន ប៊ុនថន បានលើកឡើងថា បច្ចុប្បន្ន ពលរដ្ឋខ្មែរដើមកំណើតចិន ចិនកាត់ខ្មែរ និងអន្តោប្រវេសន៍ចិនដទៃទៀតដែលកំពុងមានវត្តមាននៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា។ ពួកគេមួយចំនួនជាម្ចាស់ភាគហ៊ុនមួយចំណែកធំក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដូចជា ជាម្ចាស់រោងច្រក ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មធំៗនៅកម្ពុជា។ ជារួម ភាគច្រើននៃពួកគេ មានឥទ្ធិពលពិសេសនៅក្នុងវិស័យធនាគាររបស់កម្ពុជាដែលជាសហគ្រាសផ្តល់ប្រាក់កម្ចី សហគ្រាសប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និងសហគ្រាសពាក់ព័ន្ធដទៃទៀត។
បើតាមលោកបណ្ឌិត ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គោលនយោបាយទីផ្សារសេរីរបស់កម្ពុជា និងគោលការណ៍ប្រជាធិបតេយ្យ គេបានសង្កេតឃើញថា សហគមន៍ជនជាតិភាគតិចចិន ជនជាតិចិនកាត់ខ្មែរ និងអន្តោប្រវេសន៍ចិន មិនគ្រាន់តែបានរស់នៅយ៉ាងសុខសាន្តប៉ុណ្ណោះទេ ពួកគេថែមទាំងបានចងក្រងគ្នាជាសមាគម បង្កើតសាលារៀនភាសាចិន ព្រះវិហារចិន ភោជនីយដ្ឋានចិន វិទ្យុផ្សាយសម្លេងជាភាសាចិន និងក្រុមហ៊ុនចិនជាច្រើនទៀតកំពុងរកស៊ីនៅស្រុកខ្មែរ ដូចជាក្រុមហ៊ុនវិនិយោគខាងរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកាត់ស្បែកជើង សហគ្រាសសំណង់ស្ពានថ្នល់ វារីអគ្គិសនី និងការរុករករ៉ែ ជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងបានបញ្ជាក់ថា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ។
ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានបង្ហាញនូវក្តីរំពឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់មិត្តចិន នឹងមានកំណើនកាន់តែច្រើនថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២កន្លងមក។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
លោកបណ្ឌិត ឈន ប៊ុនថន បានធ្វើសេចក្តីសន្និដ្ឋានថា ឥទ្ធិពលរបស់ចិននៅកម្ពុជា ពិតជាមានលក្ខណៈលេចធ្លោគួរឱ្យកត់សម្គាល់ ទាំងវិស័យភាព-យន្ត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ទាំងផ្ទៃក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ដោយសារតែចិនជាមិត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កម្ពុជាផង ចិនអ្នកផ្ដល់ជំនួយឱ្យកម្ពុជាធំជាងគេបំផុតផង ហើយទុនវិនិយោគរបស់វិស័យឯកជនចិននៅកម្ពុជាក៏ច្រើនជាងគេដែរ៕