ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យប្រជាកសិករមានការស្វែងយល់បន្ថែមពីពូជស្រូវ “ចំប៉ីស៧០” ដែលជាពូជស្រូវមានអាយុកាលប្រមូលផលខ្លី អាចទទួលទិន្នផលបានជាមធ្យមប្រមាណជាង៤តោន ក្នុងមួយហិកតា។ នេះតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ។
ក្រសួងកសិកម្ម បានឱ្យដឹងថា ពូជស្រូវ “ចំប៉ីស៧០” ជាពូជស្រូវស្រាលក្រអូប ដែលសម្រេចបានបន្ទាប់ពីធ្វើពិសោធន៍ និងបង្កាត់អស់រយៈពេល៩ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា(CARDI)តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវស្រាលប្រកាន់រដូវ ដែលមានគុណភាពល្អប្រណិតជាមួយនិងស្រឡាយស្រូវ CNI9024ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អាមនប្រភពមកពីប្រទេសចិន។
បន្ថែមពីនោះ ពូជស្រូវ “ចំប៉ីស៧០” អាចផ្តល់ផលជាមធ្យម៤,៣តោន ក្នុងមួយហិកតា។ ពូជស្រូវប្រភេទនេះ មានគ្រាប់អង្ករសថ្លា វែងស្រឡូន ដែលមានប្រវែង៧,៧មីលីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបបហើរ មានអាយុកាលខ្លី ពោលអាចច្រូតកាត់បានក្នុងរយៈពេលពី ៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប កសិករអាចដាំដុះពូជស្រូវនេះ នៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំទី២នៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព។ជាពិសេស ពូជស្រូវប្រភេទនេះ អាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិផងដែរ។
លោក ឌិត ទីណា ក៏បានលើកឡើងក្នុងឱកាសចុះទស្សនកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងសំណេះសំណាល ជាមួយថ្នាក់ ដឹកនាំ មន្រ្តី និងបុគ្គលិក នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៅថ្ងៃទី១៦ មករា ឆ្នាំ២០២៣ម្សិលមិញនេះផងដែរថា បច្ចុប្បន្ននេះ ការប្រើប្រាស់ពូជស្រូវរបស់ប្រជាកសិករបានល្អហើយ តែមានចំណុចខ្លះផ្សេងទៀតដែលទាមទារឱ្យមានការកែលម្អ ក្នុងនោះត្រូវយកចិត្តទុកដាក់ក្នុងការបន្សុទ្ធពូជ និងការទុកដាក់ពូជឱ្យបានល្អ ដើម្បីឈានទៅកាត់បន្ថយការចំណាយរបស់ប្រជាកសិករ និងដើម្បីកសិករទទួលបានផលចំណេញច្រើនជាងមុន។
លើសពីនោះ រដ្ឋមន្រ្តីកសិកម្ម ក៏បានណែនាំដល់អ្នកស្រាវជ្រាវ ចាប់ពីពេលនេះទៅរាល់ការស្រាវជ្រាវពូជស្រូវថ្មី ត្រូវធ្វើឡើងដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺពូជដែលផ្តល់នូវភាពងាយស្រួលដល់ការដាំដុះ និងមានតម្រូវការនៅលើទីផ្សារ ដើម្បីផ្តល់នូវនិរន្តភាព៕