ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ របស់អ្នកឧកញ៉ា សៀ ឫទ្ធី តម្លៃ២០០លានដុល្លារ សាងសង់បាន៩០%ហើយ

ជុំវិញ​ឧកញ៉ា

គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” តម្លៃ​ជាង​២០០​លាន​ដុល្លារ​ ​​របស់​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group ​​កំពុង​សម្រុក​សាង​សង់​ទាំង​យប់​​ទាំង​ថ្ងៃ ​​និង​ជា​រួម​សម្រេច​បាន ៩០%​ហើយ ដើម្បី​ត្រៀម​​​​​ក្នុង​​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ នា​ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន WorldBridge Sport Village ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ World Bridge Group ​បាន​ឱ្យ​ដឹង​ថា គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ​សាង​សង់​លើ​ផ្ទៃ​ដី​ ៦​ហិកតា​ ​​នៅ​ក្បែរ​នឹង​ពហុ​កីឡដ្ឋាន​មរតក​តេជោ ​​​មក​ទល់​បច្ចុប្បន្ន​នេះ​ ជា​រួម​សម្រេច​បាន​ប្រមាណ ៩០%​ហើយ ហើយ​គម្រោង​នឹង​បញ្ចប់​​ដំណាក់​កាល​សាងសង់​នៃ​គម្រោង​ទាំង​មូល ក្នុង​ពេល​ឆាប់ៗ​​នេះ។

ជាមួយគ្នា​នេះ​ដែរ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២៣ គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ​​បាន​រៀប​ចំ​​កម្មវិធី​អបអរ​​ការ​សង់​បញ្ចប់​ជាន់​អគារ​ខុនដូ ចំនួន ៦​អគារ​ជា​ផ្លូវការ ​ក្នុង​ចំណោម​អគារ​ខុនដូ​សរុប​ចំនួន ១២​អគារ ​​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អ្នកឧកញ៉ា សៀ ឫទ្ធី ​​ដែល​ជា​ម្ចាស់​អភិវឌ្ឍន៍​គម្រោង​ផ្ទាល់។ អ្នកឧកញ៉ា សៀ ឫទ្ធី ​​ក៏​បាន​បញ្ជាក់​​ផង​ដែរ​ថា គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ​​​នឹង​មិនមាន​ការ​យឺតយ៉ាវ​ ឬមិន​អាច​យឺត​យ៉ាវ​ជា​ដាច់​ខាត ក្នុង​ការ​បញ្ចប់​គម្រោង​សាងសង់​របស់​ខ្លួន ព្រោះកម្ពុជាត្រូវទទួលភ្ញៀវ​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ នៅ​ពាក់​កណ្ដាលឆ្នាំ២០២៣នេះ។

សូម​ជម្រាប​ជូន​ថា គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍ​លើ​ផ្ទៃ​ដី ៦.២​ហិកតា ​​ជាប់​នឹង​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ​ក្នុង​នោះ​រួម​មាន​ខុនដូ ១២​អគារ ​សរុប​ស្មើ​នឹង ១,៣១៩ យូនីត ​​មាន​ប្រភេទ​យូនីត ១​បន្ទប់​គេង ២​បន្ទប់គេង និង​៣​បន្ទប់​គេង។ ក្រៅ​ពី​ខុនដូ​ចំនួន ១២​អគារ គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ ​​ក៏​មាន​​ប្រភេទ​វីឡាទោល​ ចំនួន​៣ វីឡាភ្លោះ​ចំនួន​៤៨ វីឡាកូនកាត់​៧៩ ផ្ទះ​អាជីវកម្ម​ខ្នាត​តូច​ចំនួន​៤១ និង​ផ្ទះ​អាជីវកម្ម​ខ្នាត​ធំ​ចំនួន​៩៤​ សរុបទាំងអស់ស្មើនឹង១,៥៨៤​យូនីត ដែលនឹងធ្វើឱ្យគម្រោងនេះ ក្លាយជាសហគនម៍រស់នៅ​និងជាតំបន់​ពាណិជ្ជកម្មដ៏ធំថ្មីមួយ៕